ព្រះសីហនុៈ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងព្រះសីហនុ បានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន០២នាក់ ជាប្តី-ប្រពន្ធ មានជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន។
តាមការឱ្យដឹងពីមន្ត្រី កងរាជអាវុធហត្ថក្រុងព្រះសីហនុ បានឱ្យដឹងថា ក្នុងប្រតិបត្តិការ បង្ក្រាប និងឃាត់ខ្លួនជនសង្ស័យខាងលើនេះ គឺធ្វើឡើងនៅវេលាម៉ោង០០ និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចក្រុម១៤ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
មន្ត្រីដដែល បានបន្តឱ្យដឹងថា ជនសង្ស័យ ដែលត្រូវបាន កម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះ រួមមានឈ្មោះៈ
១. វែ វ៉ាន់ឌី ភេទប្រុស អាយុ៣១ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្រុកកំណើត ភូមិត្រើយស្លា ឃុំថ្កុលស្រុកស្អាង ខេត្តកណ្តាល បច្ចុប្បន្នរស់នៅក្រុម១២ ភូមិ៣សង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
២. សុខ ស្រីអូន ភេទស្រី អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្រុកកំណើតរាជធានីភ្នំពេញ បច្ចុប្បន្នរស់នៅក្រុម១២ ភូមិ៣ សង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
មន្ត្រីដដែល បានបញ្ជាក់បន្តឱ្យដឹងទៀតថា ក្នុងការឃាត់ខ្លួនជនសង្ស័យខាងលើនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យកវត្ថុតាងពីជនសង្ស័យរួមមានៈ
១. ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន ០៣កញ្ចប់ ដែលមានទម្ងន់ ០.៣០ក្រាម។
២. ម៉ូតូ ចំនួន០១គ្រឿង។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្ត តាមនីតិវិធី។