ភ្នំពេញៈ ឯកឧត្តម ឧត្តមសេនីយ៍ឯក វង្ស ពិសេន មេបញ្ជាការរង និងជា នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច ការងារកងរាជអាវុធហត្ថប្រចាំខែកក្កដា និងដាក់ចេញទិសដៅខែសីហា ឆ្នាំ២០១៧ ដែលប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ នៅសាលប្រជុំសេនាធិការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស។
កិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ នាយរងសេនាធិការដ្ឋាន ស្នងការ ស្នការរង និងនាយទាហាននៃកងរាជអាវុធហត្ថតាមបណ្តាអង្គភាព បញ្ជាការដ្ឋានទូទាំងប្រទេសជាច្រើនរូបបានអញ្ជើញចូលរួមផងដែរ។
កងរាជអាវុធហត្ថ បានចូលរួមចំណែករក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សហការពង្រឹងការអនុវត្តច្បាប់ ស្រាវជ្រាវនិងបង្ក្រាបបទល្មើសព្រហ្មទណ្ឌ ជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះមហន្តរាយផ្សេង និងចូលរួមការងារសង្គមជួយសាងសង់ រុះរើផ្ទះប្រជាពលរដ្ឋ ចែកអំណោយដល់ប្រជាពលរដ្ឋជួបការលំបាក។ល។
លើសពីនេះទៀត ដោយមានការដឹកនាំគ្រប់គ្រងផ្ទាល់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានយកចិត្តទុកចិត្តសាងសង់ហេដ្ឋារចនាសម្ពន្ធគ្រប់បញ្ជាការដ្ឋានរាជធានី ខេត្ត មូលដ្ឋានក្រុង ស្រុក ខណ្ឌ និងរហូតដល់ស្នាក់ការ។
បានធ្វើការហ្វឹកហ្វឺនបណ្តុះបណ្តាល អប់រំរៀនសូត្រជាប្រចាំទាំងទ្រឹស្តីនិងការអនុវត្តជាក់ស្តែង ជាពិសេសបានបញ្ជូននាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថចូលរួមសិក្ខាសាលាក្នុងនិងក្រៅប្រទេស។ រីឯ ការងារធានាវិញបានបំពាក់សម្ភារៈ ឧបករណ៍ និងបើកចែកស្បៀង ប្រាក់បៀវត្សទាន់ពេលវេលា។
ឯកឧត្តម នាយឧត្តមសេនីយ៍ មេបញ្ជាការ កងរាជអាវុធហត្តលើផ្ទៃប្រទេស តែងតែរំលឹកដល់ប្រធានស្ថាប័ន មេបញ្ជាការអង្គការទាំងអស់ ឱ្យយកចិត្តទុកដាក់ខ្ពស់ចំពោះការហូបចុកឆ្អែត អនាម័យ កន្លែងស្នាក់នៅ កន្លែងធ្វើការ ការស្លៀកពាក់ឯកសណ្ឋាន និងរួមគ្នាដោះស្រាយចំពោះអាវុធហត្ថដែលជួបការលំបាក ជាពិសេស ការបរិច្ចាគថវិកាជាមួយគ្នា ក្នុងមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ដើម្បីចូលរួមរំលែកទុក្ខ ដល់ក្រុមគ្រួសារអាវុធហត្ថពលី មរណៈ។