កំពង់ស្ពឺៈ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ នាយទាហាន នាយទាហានរងកងរាជាអាវុធហត្ថខេត្តកំពង់ស្ពឺ ក្នុងវគ្គបំប៉នជំនាញកងរាជអាវុធហត្ថឆ្នាំ២០១៧ បានទទួលការយល់ដឹងអំពីច្បាប់ និងតួនាទីរបស់ចៅក្រម ពីលោក ហង់ ស៊ីថា ប្រធានសាលាដំបូងខេត្តកំពង់ស្ពឺ និងលោកចៅក្រម ឆឹម រិទ្ធី ដែលមានសិក្ខាមកាមជាង១០០នាក់ មកពីចំណុះបញ្ជាការដ្ឋានខេត្តកំពង់ស្ពឺ ។
លោកវរសេនីយ៍ឯក ចាន់ ដា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ តំណាង ឯកឧត្តម ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានមានប្រសាសន៏ថា ថ្ងៃនេះសិក្ខាកាមអាវុធហត្ថនិងទទួលបានការស្វែងយល់ផ្លូវច្បាប់ តួនាទីភារកិច្ចចៅក្រម ក្នុងនាមកម្លាំងអាវុធហត្ថជាចំណែកមួយអនុវត្តច្បាប់ គឺមន្ត្រីនគរបាលយុត្តិធម៏ និងអនុវត្តដីកាតុលាការផងដែរ ។
លោក ហង់ ស៊ីថា បានមានប្រសាសន៏ថា ទោះវគ្គបំប៉ននេះមានមុខវិជ្ជាច្បាប់ត្រឹមតែ ២៥%មែន តែលោកក្នុងនាមតំណាងឲ្យចៅក្រមដែលកំពុងដំណើរក្នុងសាលាដំបូងខេត្តកំពង់ស្ពឺ ទាំងអស់ និងប្រឹងប្រែងបង្ហាញឲ្យអស់ក្នុងការពន្យល់ពីផ្លូវច្បាប់ និងតួនាទីភារកិច្ចរបស់ចៅក្រម ពាក់ពន្ធ័និងការអនុវត្តច្បាប់ ពោលគឺចៅក្រមត្រូវតែ អនុវត្តតាមតួនាទីរបស់ខ្លួន។
នៅក្នុងច្បាប់ស្តីពីចៅក្រម បានតម្រូវឲ្យចៅក្រមស្បថស្បែមុននឹងបំពេញតួនាទីរបស់ខ្លួនក្នុងវិជ្ជាជីវៈ ហើយចៅក្រមទាំងអស់ក្នុងពេលបំពេញវិជ្ជាជីវៈជាចៅក្រមបាន ក៏បានប្តេជ្ញាថា នឹងប្រតិបត្តិតួនាទី ភារកិច្ច និងប្រើសិទ្ធិអំណាចរបស់គេ ក្នុងឋានៈជាចៅក្រម ដោយគោរពឲ្យបានត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញ និងសតិសម្បជញ្ញៈ និងឧត្តមគតិជាតិ ក្នុងការប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ និងការអនុវត្តច្បាប់ទាំងឡាយនៃព្រះរាជាណាចក្រកម្ពុជា ដោយត្រូវវៀរចាកពីអគតិធម៌ទាំង ៤ប្រការគឺ ឆន្ទាគតិ ទោសាគតិ ភយាគតិ និងមោហាគតិ និងប្រកាន់នូវគុណធម៌ប្រកបដោយ វីរយាសម្បយុត្ត សុចរិតយុត្តិធម៌ បញ្ញត្តិគារវោ សមទណ្ឌោ និងបញ្ញាវុធ វិនិច្ឆ័យ ។