You are currently viewing មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះចំនួន០១ខ្នង ជូនដល់ស្ត្រីមេម៉ាយមានកូន០៥នាក់ និងចិញ្ចឹមម្តាយចាស់ជរាម្នាក់

មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះចំនួន០១ខ្នង ជូនដល់ស្ត្រីមេម៉ាយមានកូន០៥នាក់ និងចិញ្ចឹមម្តាយចាស់ជរាម្នាក់

បន្ទាយមានជ័យៈ នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧នេះ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងក្រុមគ្រួសារ បានធ្វើពិធីប្រគល់ផ្ទះចំនួន០១ខ្នង ដែលទើបសាងសង់រួច ជូនដល់ស្ត្រីមេម៉ាយមានកូន០៥នាក់ និងចិញ្ចឹមម្តាយចាស់ជរាម្នាក់ ដែលចំណាយថវិកាផ្ទាល់ខ្លួនរបស់លោក។
ស្រ្តីមេម៉ាយរូបនេះមានឈ្មោះ ចែត្រ ឆវ័ន្ត អាយុ៣៨ឆ្នាំ មានកូន០៥នាក់ ស្រី០១នាក់ ប្រុស០៤នាក់ ក្នុងនោះមានកូនភ្លោះផងដែរ និងម្ដាយចាស់ជរាម្នាក់ទៀតឈ្មោះ ជេក រឿន អាយុ៧៤ឆ្នាំ រស់នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ស្រ្តីមេម៉ាយជួបការលំបាកនោះតាំងពីប្តីស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍អស់រយៈពេលជិត០២ឆ្នាំកន្លងមកហើយ សព្វថ្ងៃស្រ្តីមេម៉ាយរូបនេះដោយសារតែជីវភាពជួបការខ្វះខាត់ខ្លាំងពេក ហើយគ្មានជម្រករស់នៅឲ្យបានសមរម្យទៀតផងនោះ ទើបលោកឧត្តមសេនីយ៍ត្រី ឱ បូរិន្ទ និងក្រុមគ្រួសារ ព្រមទាំងកូនៗដែលរស់នៅប្រទេសអាមេរិក និងប្រទេសបារាំង បានមូលមតិគ្នាជួយធ្វើការឧបត្ថម្ភដល់គ្រួសារមួយនេះក្នុង០១ខែ អង្ករ០២ការ៉ុង និងថវិកា១០០.០០០៛(ដប់ម៉ឺនរៀលផងដែរ) រហូតដល់ថ្ងៃនេះ លោកឧត្ដមសេនីយ៍ត្រី ឱ បូរិន្ទ និងក្រុមគ្រួសារ ព្រមទាំងកូនៗ បានចំណាយថវិការផ្ទាល់ខ្លួនជួយធ្វើផ្ទះ០១ខ្នង ដែលមានទំហំ០៤,២០ម៉ែត្រx០៦,៦០ម៉ែត្រ ព្រមទាំងមានបន្ទប់ទឹក និងបង្គន់អនាម័យ ធ្វើអំពីដែក ដំបូលនិងជញ្ជាំងស័ង្កសីទៀតផង។

ក្នុងនោះដែរលោកឧត្តមសេនីយ៍ត្រី ឱ បូ រិន្ទ បានមានប្រសាសន៍ថា ក្នុងនាម ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែល ឯកឧត្តម តែងតែណែនាំឲ្យកម្លាំងអាវុធហត្ថទូទាំងប្រទេស ត្រូវយកចិត្តទុកដាក់រួមសុខ រួមទុក្ខ និងចុះជួយដល់ប្រជាពលរដ្ឋដែលជួបការលំបាកនៅក្នុងមូលដ្ឋានដោយមិនប្រកាន់និន្នាការនយោបាយណាឡើយ។