ភ្នំពេញៈ នៅល្ងាចទី២៧ ខែកក្កដា ឆ្នាំ២០១៧ លោកអនុសេនីយ៍ឯក ម៉ាន់ ដាវីត នាយរងការិយាល័យ ទំនាក់ទំនងកិច្ចការសាធារណៈ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជា អ្នកសម្របសម្រួលមូលនិធិ មហាគ្រួសារកងរាជអាវុធហត្ថ រួមជាមួយក្រុមការងារ កងរាជអាវុធហត្ថខេត្តកណ្តាល តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បាននាំយកថវិការបស់មូលនិធិ មហាគ្រួសារ កងរាជអាវុធហត្ថ ប្រមាណ៣៧លានរៀល ទៅជូនគ្រួសារសព លោកវរសេនីយ៍ត្រី គង់ សុភាព អនុប្រធានមន្ទីរ ភស្តុភារ កងរាជអាវុធហត្ថខេត្តកណ្តាល ដែលបានទទួលមរណភាព កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ ក្នុងជន្មាយុ៥១ឆ្នាំ ដោយរោគគារពាធ ស្ថិតនៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ថវិកាទាំងអស់នេះ គឺបានមកពីការបរិច្ចាកដោយស្ម័គ្រចិត្ត ដោយទឹកចិត្តសប្បុរសធម៌របស់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដែលជានាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថទាំងអស់ ដែលបានចូលរួមបរិច្ចាកថវិកាផ្ទាល់ខ្លួន ក្នុងនោះដែរ ថវិកា ចំនួន៥,០០០,០០០រៀល គឺជាថវិកាផ្ទាល់ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ដែល ឯកឧត្តម តែងតែបរិច្ចាក ចូលរួមរំលែកទុក្ខគ្រួសារសព របស់មន្ត្រីកងរាជអាវុធហត្ថ ទាំងអស់ ដែលបានទទួលមរណភាព ចាប់តាំងពីឆ្នាំ២០១០ រហូតមកដល់ពេលបច្ចុប្បន្ន។
មូលនិធិ មហាគ្រួសារ កងរាជអាវុធហត្ថនេះ ធ្វើទៅបាន គឺដោយមានការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា និង ឯកឧត្តម ឧត្តមសេនីយ៍ឯក វង្ស ពិសេន ដែល ឯកឧត្តម តែងតែគិតគូរអំពីស្មារតី មនុស្សធម៌ សាមគ្គីភាព និងសុខទុក្ខ របស់ បងប្អូន កម្លាំងកងរាជអាវុធហត្ថទាំងអស់ នៅពេលដែលជួបទុក្ខលំបាក។