ព្រះសីហនុៈ នៅល្ងាចថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ និងសហការី តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បាននាំយកថវិការបស់មូលនិធិ មហាគ្រួសារ កងរាជអាវុធហត្ថ ប្រមាណ៣៣លានរៀល ទៅជូនគ្រួសារសព លោកអនុសេនីយ៍ទោ គង់ ស៊ីម៉ៅ ជំនួយការ មូលដ្ឋាន កងរាជអាវុធហត្ថស្រុកស្ទឹងហាវ ដែលបានទទួលមរណភាព កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ ក្នុងជន្មាយុ៤៨ឆ្នាំ ដោយរោគគារពាធ ស្ថិតនៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
ថវិកាទាំងអស់នេះ គឺបានមកពីការបរិច្ចាកដោយស្ម័គ្រចិត្ត ដោយទឹកចិត្តសប្បុរសធម៌របស់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដែលជានាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថទាំងអស់ ដែលបានចូលរួមបរិច្ចាកថវិកាផ្ទាល់ខ្លួន ក្នុងនោះដែរ ថវិកា ចំនួន៥,០០០,០០០រៀល គឺជាថវិកាផ្ទាល់ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ដែល ឯកឧត្តម តែងតែបរិច្ចាក ចូលរួមរំលែកទុក្ខគ្រួសារសព របស់មន្ត្រីកងរាជអាវុធហត្ថ ទាំងអស់ ដែលបានទទួលមរណភាព ចាប់តាំងពីឆ្នាំ២០១០ រហូតមកដល់ពេលបច្ចុប្បន្ន។
សូមបញ្ជាក់ថា មូលនិធិ មហាគ្រួសារ កងរាជអាវុធហត្ថនេះ ធ្វើទៅក្រោមការដឹកនាំផ្ទាល់ និងយ៉ាងយកចិត្តទុកដាក់ ពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា និង ឯកឧត្តម ឧត្តមសេនីយ៍ឯក វង្ស ពិសេន ដែល ឯកឧត្តមទាំងពីរ តែងតែគិតគូរអំពីស្មារតី មនុស្សធម៌ សាមគ្គីភាព និងសុខទុក្ខ របស់ បងប្អូន កម្លាំងកងរាជអាវុធហត្ថទាំងអស់ នៅពេលដែលជួបទុក្ខលំបាក។