កំពង់ស្ពឺ៖ នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧ លោក សរ សុពុត្រា អភិបាលរងខេត្តកំពង់ស្ពឺ តំណាងដ៏ខ្ពង់ខ្ពស់ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបំប៉នជំនាញ កងរាជអាវុធហត្ថខេត្ត ដែលមានវត្តមានស្ថាប័នផ្សេងៗ និងមានមេបញ្ជាការ មេបញ្ជាការរង ក្រុង-ស្រុក ស្នាក់ការសន្តិសុខ សិក្ខាកាមប្រមាណ១០០នាក់ ។
លោកឧត្តមសេនីយ៏ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានថ្លែងក្នុងពិធី នោះថា យោងតាមផែនការរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីបើកវគ្គបំប៉នជំនាញដល់កងកម្លាំងកងរាជអាវុធហត្ថទូទាំងប្រទេស ខេត្តកំពង់ស្ពឺបានចាត់តាំងបើកវគ្គបំប៉នជំនាញកងរាជអាវុធហត្ថឆ្នាំ២០១៧ ដែលមានសិក្ខាកាម៣០នាក់ក្នុងវគ្គ ។
លោកឧត្តមសេនីយ៍ត្រី បានបន្តថា គោលបំណងចាំបាច់នៃវគ្គបំប៉ននេះ ទទួលបានការសិក្សាស្វែងយល់បន្ថែម ពីគ្រូយោធាចារ្យ ពីតំណាងស្ថាប័នយុត្តិធម៏នានា ក្នុងពង្រឹងសមត្ថភាព គុណភាព ក្នុងកិច្ចការប្រត្តិបត្តិការណ៏អនុវត្តតួនាទី ក្នុងនាមជាមន្រ្តីនគរបាលយុត្តិ និងជានាយទាំហានច្បាប់ផងដែរ ។
ក្នុងនោះពង្រឹងការងារ បង្ការ បង្ក្រាប និងសង្គ្រោះ ត្រូវស្មោះត្រង់ជាតិ សាសនា ព្រះមហាក្សត្រ និងធានាការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពាររដ្ឋធម្មនុញ ការពារបូរណៈភាពទឹកដី និងពលរដ្ឋ ប្រកបដោយសីលធម៏ វិជ្ជាជីវៈ មានទំនាក់ទំនងល្អ រួមទាំងសហប្រត្តិបត្តិការណ៏ផងដែរ ។
លោក សរ សុពុត្រា អភិបាលរងខេត្តកំពង់ស្ពឺបានលើកឡើងថា ដើម្បីលើកកម្ពស់សមត្ថភាពក្នុងនាមជាកម្លាំងអនុវត្តច្បាប់ ហើយកម្លាំងទាមទាឲ្យមានសមត្ថភាពគ្រប់ជំនាញដើម្បីធានាដល់ការអនុវត្តរបស់កម្លាំង ។
ហើយក្នុងនោះត្រូវក្តាប់គ្រប់សភាពការណ៏ដែលតែងតែបង្កអសន្តិសុខជាតិ ដែលទង្វើនេះបានធ្វើឲ្យបាត់បង់សន្តិសុខយ៉ាងធ្ងន់ធ្ងរចំពោះសង្គមជាតិ និងសុខទុក្ខរបស់ប្រជាពលរដ្ឋ ។
លោកអភិបាលរងបានបញ្ជាក់ថា កម្លាំងរបស់កងរាជងាវុធហត្ថមានសិទ្ធិគ្រប់យ៉ាងដើម្បីអនុវត្តច្បាប់ទៅលើជនដែលនិយាយបំពុលដល់សង្គមជាតិ ផ្ទុយពីការពិត ។
ជាចុងបញ្ចប់លោកក៏បានប្រគល់ថវិកាចំនួន ២លានរៀល និងខោអាវ ដល់តំណាងវគ្គបំប៉ន ដែលជាអំណោយរបស់លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺផងដែរ៕