You are currently viewing កងរាជអាវុធហត្ថជ្រើសរើសកម្លាំង បំពេញក្របខណ្ឌជំនួសអាវុធហត្ថដែលត្រូវបានលុបឈ្មោះចេញពីបញ្ជីអង្គភាព

កងរាជអាវុធហត្ថជ្រើសរើសកម្លាំង បំពេញក្របខណ្ឌជំនួសអាវុធហត្ថដែលត្រូវបានលុបឈ្មោះចេញពីបញ្ជីអង្គភាព

ភ្នំពេញៈ នៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើការជ្រើសរើសកម្លាំង ថ្មី ដើម្បីបំពេញក្របខណ្ឌ ជំនួសអាវុធហត្ថ ដែលខុសវិន័យនិងលក្ខន្តិកៈទូទៅនៃកងយោធពលខេមរភូមិន្ទ ហើយត្រូវ បានលប់ ឈ្មោះចេញពីបញ្ជីអង្គភាព។

ការជ្រើសរើសនេះ ចេញពីយុវជនដែលមានអាយុ ១៨ឆ្នាំដល់២៥ឆ្នាំ មានកម្ពស់ ចាប់ ១ម៉ែត្រ៧០ ឡើង មានកំរិតវប្បធម៌ចាប់ពីទុតិយភូមិ មិនមានពិរុទ្ធភាព មានកាយសម្បទាមាំមួន និង មានប្រវតិ្តរូបល្អ។

ពិធីនេះ ប្រព្រឹត្តក្រោមធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ នាង សុជីវី ស្នងការ ស្នងការដ្ឋានកសាងកម្លាំង និងជាប្រធានគណៈកម្មការជ្រើសរើសពលអាវុធហត្ថ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ នាង សុជីវី បានឲ្យដឹងថា បេក្ខជនដែលបានដាក់ពាក្យប្រឡងចូលបំពេញក្របខណ្ឌកង រាជអាវុធហត្ថចេញយុវជនដែលមានអាយុ ១៨ឆ្នាំដល់២៥ឆាំ្ន មានកម្ពស់ចាប់ ១ម៉ែត្រ៧០ ឡើង មានកំរិតវប្បធម៌ចាប់ពីទុតិយភូមិ និងមានប្រវត្តិរូបល្អ។

បេក្ខជនត្រូវប្រឡងលើ វិញ្ញាសារ វាស់កំពស់ ថ្លឹងទម្ងន់ ពិនិត្យទឹកមូត្រ សរសេរតាមអាន ពិនិត្យឯកសារប្រវត្តិរូប ពិនិត្យកាយសម្បទាល្អ និងពិនិត្យឈាម។

ឯកឧត្តម ឧត្តមសេនីយ៍ទោ នាង សុជីវី បានបញ្ជាក់ថា ប្រសិនបើប្អូនណាម្នាក់កើតមានឈឺថ្លើម ឆ្លងគ្នា ព្រោះទាហាន ត្រូវហ្វឹកហ្វឺន ហាត់រៀន ស្នាក់នៅជាមួយគ្នា ហើយការជ្រើសរើសនៅទីនេះដោយយុត្តិធម៌ ដោយតម្លាភាព ទៅតាមអ្វី ដែលជាគោល ការណ៍កំណត់ តាមលក្ខណៈសម្បត្តិនិងលក្ខន្តិកៈនៃការជ្រើសរើស ហើយត្រូវយកទៅហ្វឹកហ្វឺន នៅមជ្ឈមណ្ឌលហ្វឹកហ្វឺន នាយទាហានរងភ្នំជំរាយ ឯខេត្តកំពង់ឆ្នាំង ដើម្បីឲ្យទាហានមានកាយសម្បទាមាំមួន មានក្បួនយុទ្ធសាស្ត្រ មានជំនាញ វិជ្ជាជីវៈកងរាជអាវុធហត្ថ ។

ដូច្នេះប្អូនៗ មិនត្រូវជឿលើសម្តីរបស់អ្នកដទៃនោះទេ ដែលថានេះ ដែលគ្រាន់តែបកបិទរូបថត ហើយឲ្យចូលធ្វើការតែម្តង ត្រូវជឿជាក់លើគណៈកម្មការ ហើយនេះមិនមែនជាការធ្វើបច្ចុប្បន្នភាពនោះដែរ។ នៅពេល ហ្វឹកហ្វឺនចប់ ត្រូវគោរពតាមការចាត់តាំងរបស់អង្គភាព តាតតម្រូវការចាំបាច់របស់អង្គភាព។

ឯកឧត្តម ឧត្តមសេនីយ៍ទោ នាង សុជីវី មានប្រសាសន៍ថ្លែងអំណរគុណ ចំពោះប្អូនៗ ដែលមានបេះដូង ទឹកចិត្តស្រឡាញ់កងរាជអាវុធហត្ថ ដែលអ្នកខ្លះខំស្កាត់មកតាំងពីខេត្តឆ្ងាយៗ ឲ្យតែលឺមានការជ្រើសរើស ខំមកដាក់ពាក្យប្រឡង ចូលក្របខណ្ឌកងរាជអាវុធហត្ថ សូមកោតសរសើរនូវទឹកចិត្តប្អូនៗ។

ជាមួយនឺងការអរគុណ ក៏សូមការអធ្យាស្រ័យពីប្អូនៗ ដែលមិន គ្រប់លក្ខណៈសម្បត្តិ ចំពោះបេក្ខជនដែលមានលក្ខណៈសម្បត្តិនិងតាមលក្ខន្តិកៈដែលបានកំណត់ នោះគណៈកម្មការ នឹងជូនដំណឹងដល់ប្អូនៗ តាមរយៈលេខទូរស័ព្ទរបស់ប្អូនៗ នឹងត្រូវមកធ្វើតេសលើវិញ្ញាសារបន្តទៀត។ ចំពោះអ្នកដែល ជាប់ហើយ នៅពេលត្រឡប់ទៅនិងត្រូវខិតខំថែរក្សាសុខភាព កាយសម្បទា និងត្រូវគោរពច្បាប់ផងដែរ។