You are currently viewing ឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធិ បើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារផ្នែកនិពន្ធ អក្សរសិល្ប៍ និងសិល្បះ

ឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធិ បើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារផ្នែកនិពន្ធ អក្សរសិល្ប៍ និងសិល្បះ

ភ្នំពេញៈ ព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧ នៅសាលប្រជុំអគារសេនាធិការដ្ឋាន បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធិ មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលផែនទំនាក់ទំនងកចិ្ចការសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើការផ្សព្វផ្សាយត្រួតពិនិត្យការអនុវត្តការងារផ្នែកនិពន្ធ អក្សរសិល្ប៍ សិល្បះ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៥០ ថ្ងៃបង្កើតទំនាក់ទំនងការទូតកម្ពុជា វៀតណាម។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធិ បានរំលឹកដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី ខេត្ត និងអង្គភាពចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើរបាយការណ៍ស្តីពីការងារ និពន្ធ អក្សរសិល្ប៍ រូបថត រូបភាពឯកសារ គំនូរ ចម្រៀង សម្រាប់អបអរសាទរខួបអនុស្សាវរីយ៍លើកទី៥០ ថ្ងៃបង្កើតទំនាក់ទំនងការទូត កម្ពុជា វៀតណាម របស់អង្គភាពនីមួយៗ ឲ្យបានមុនថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧។ ឧត្តមសេនីយ៍ឯក បានលើកឡើងពីការសរសេរនិពន្ធអក្សរសិល្ប៍ អក្សរត្រូវយកជាគោលតាមវិចនានុក្រមរបស់សម្តេចព្រះសង្ឃរាជ ជូន ណាត និងត្រូវលើកយក តែពីចំណងសាមគ្គីភាពកម្ពុជា វៀតណាម ដែលជាសច្ចភាពនៃប្រវត្តិសាស្ត្រ មិនអាចកែប្រែបាននោះទេ មានតែចំណងមិត្តភាព សាមគ្គីភាពទេ ដែលធ្វើឲ្យប្រទេសកម្ពុជា មានសុខសន្តិភាព និងមានការអភិវឌ្ឍន៍រហូតមកដល់សព្វថ្ងៃ។

ប្រជាជនរវាងប្រទេសទាំងពីរ កម្ពុជា វៀតណាម មានផលប្រយោជន៍រួម ច្រើនណាស់ពីចំណងសាមគ្គីភាព មិត្តភាពនេះ ដូចដែរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍រួចហើយ ប្រទេសខ្មែរ ប្រជាជនខ្មែរ មិនត្រូវការមានជំលោះ មានសង្រ្គាមជាមួយប្រទេសជិតខាងនោះទេ មានសង្គ្រាមមិនបានចំណេញអ្វីទាំងអស់ មានតែខាតបង់ វិនាសព្រាត់ប្រាស់ សោកនាដកម្មសព្វបែបយ៉ាង ប្រទេសជាតិខ្ទីចខ្ទីដោយសារភ្លើងសង្គ្រាម។

ការអបអរសាទរខួបអនុស្សាវរីយ៍លើកទី៥០ នៃចំណងការទូតកម្ពុជា វៀតណាម ដោយសារប្រទេសកម្ពុជាយើង ជាប្រទេសមួយ វៀតណាម ជាប្រទេសមួយ មានអធិបតេយ្យភាព បូរណៈភាពទឹកដីរៀងៗខ្លួន ឥតមានប្រទេសណាអាយ៉ងប្រទេសណានោះទេ មានតែការពារនិងផ្តល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក តែប៉ុណ្ណោះ។ ឧត្តមសេនីយ៍ឯក បានរំលឹកដល់អង្គភាពទាំងអស់ ត្រូវមានសកម្មភាពចូលរួម ទោះតិចឬច្រើនត្រូវតែមាន ស័កសមជំនឿទុកចិត្តរបស់ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន មកលើអង្គភាពកងរាជអាវុធហត្ថ ព្រមជាមួយនោះ ពេលត្រឡប់ទៅវិញ ត្រូវរាយការណ៍ជូនមេបញ្ជាការអង្គភាពរបស់ខ្លួន ដើម្បីឲ្យសកម្មភាពនេះ ចូលរូម បានផុសផុលឡើង ក្នុងការប្រកួតប្រជែង។