You are currently viewing ឃាត់ខ្លួនមុខសញ្ញាចែកចាយគ្រឿងញៀនដ៏សកម្មម្នាក់ ជាមួយថ្នាំញៀន ចំនួន ២០០០គ្រាប់

ឃាត់ខ្លួនមុខសញ្ញាចែកចាយគ្រឿងញៀនដ៏សកម្មម្នាក់ ជាមួយថ្នាំញៀន ចំនួន ២០០០គ្រាប់

កោះកុងៈ នៅវេលាម៉ោង១១ និង០០នាទីថ្ងៃត្រង់ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថខេត្តកោះកុង សហការជាមួយកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងខេមរភូមិន្ទ បានធ្វើការឃាត់ខ្លួនមុខសញ្ញាចែកចាយគ្រឿងញៀនដ៏សកម្មម្នាក់ ស្ថិតនៅចំណុចខាងកើតផ្សារដងទង់ ស្ថិតនៅភូមិ១ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

តាមការឱ្យដឹងពីមន្ត្រីកងរាជអាវុធហត្ថខេត្តកោះកុង បានឱ្យដឹងថា មុខសញ្ញាចែកចាយគ្រឿងញៀន ដែលត្រូវបាន កម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះមានឈ្មោះ ទួន ណាវី ភេទស្រី អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ស្នាក់នៅបន្ទប់ជួលលេខ២២៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

មន្ត្រីដដែល បានបន្តឱ្យដឹងទៀតថា ក្នុងការឃាត់ខ្លួនជនសង្ស័យខាងលើនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យកនូវវត្ថុតាងមួយចំនួន ពីជនសង្ស័យរួមមានៈ
១. ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន០១កញ្ចប់ធំ ដែលមានទម្ងន់ ស្មើ ១០១.២៧ក្រាម
២. ថ្នាំញៀនប្រភេទយ៉ាម៉ាគ្រាប់ ចំនួន ២០០០គ្រាប់ ដែលមានទម្ងន់ ស្មើ ១៨០ក្រាម
៣. ទូរស័ព្ទដៃ ចំនួន០២គ្រឿង។

ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្ត តាមនីតិវិធី។