ភ្នំពេញ៖ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង១២និង៤០នាទី រំលងអធ្រាត្រ មានករណីបាញ់សម្លាប់នារីម្នាក់ នៅក្នុងបន្ទប់លេខ៤០៤ នៃផ្ទះសំណាក់សារីធំ ស្ថិតនៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នៅពេលធ្វើសកម្មភាពរួចជនសង្ស័យបានគេចខ្លួនបាត់។
ករណីឃាតកម្មនេះ ជារឿងរសើបមួយនៅក្នុងសង្គមហើយក៏ធ្វើឱ្យប៉ះពាក់ដល់កិត្តិយស របស់កងរាជអាវុធហត្ថផងដែរ ព្រោះជនសង្ស័យនេះបានបន្សល់នូវវត្ថុតាងមួយចំនួនដែលនាំឱ្យសាធារណជនយល់ច្រឡំថា ជនសង្ស័យនោះជាមន្ត្រីកងរាជអាវុធហត្ថ។ ទោះបីជាខ្ញុំបាទ ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានជូនព័ត៌មានធ្វើការបដិសេធថា ឈ្មោះ អុំ សុផា នេះពុំមានឈ្មោះនៅក្នុងបញ្ជីគ្រប់គ្រងរបស់កងរាជអាវុធហត្ថក៏ដោយ នៅតែមានបុគ្គលមួយចំនួនមិនជឿទេ ដោយសារជនសង្ស័យមានរូបថតស្លៀកពាក់ឯកសណ្ឋានកងរាជអាវុធហត្ថហើយពាក់សក្តិ៤ទៀត។
ខណៈនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ មេត្តាចូលរួមសហការផ្តល់ព័ត៌មាន ឱ្យកម្លាំងកងរាជអាវុធហត្ថ នៅគ្រប់ទីកន្លែងទូទាំងប្រទេស ដើម្បីឈានដល់ការចាប់ខ្លួនជនសង្ស័យមកផ្តន្ទាទោសតាមច្បាប់ កងរាជអាវុធហត្ថនឹងជូនរង្វាន់លើកទឹកចិត្ត ចំនួន២០លានរៀល ដល់អ្នកដែលសហការផ្តល់ព័ត៌មានឈានដល់ការចាប់ខ្លួននេះ។ ជាមួយគ្នានោះដែរ ក្រោយពីការប្រកាសរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ភ្លាមនោះមានការគាំទ្រឧបត្ថម្ភផ្តល់ថវិកា១៥លានរៀលបន្ថែមទៀតពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋានចរាចរណ៍និងសណ្តាប់ធ្នាប់ នៃអគ្គស្នងការនគរបាលជាតិ, ឯកឧត្តម ឧត្តមសេនីយ៍ឯក ឈន សាណាត អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ និងឯកឧត្តម ឧត្តមសេនីយ៍ទោ ជោគ ហួត នាយរងសេនាធិការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
ការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួនដោយឆន្ទៈក្លាហាន ស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងក្នុងនាមជាកូនចៅរបស់ប្រជាជន បម្រើប្រជាជន កងរាជអាវុធហត្ថបានលះបង់ទាំងកម្លាំងកាយចិត្ត មិនខ្លាចនឿយហត់ធ្វើការទាំងយប់ទាំងថ្ងៃ គឺជាលទ្ធផលសម្រេចបានស្នាដៃនិងសមិទ្ធផលជាច្រើនជូនជាតិមាតុភូមិ។ ជាក់ស្តែងការស្រាវជ្រាវស៊ើបអង្កេតក្នុងរឿងក្តីឃាតកម្មខាងលើអស់រយៈពេលប្រមាណ៨ខែមកហើយ មន្ត្រីជំនាញយុត្តិធម៌នៃកងរាជអាវុធហត្ថ ក្នុងនោះមានកងរាជអាវុធហត្ថលើផ្ទៃប្រទេស កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងកងរាជអាវុធហត្ថខេត្តប៉ៃលិន បានសហការគ្នាធ្វើកិច្ចប្រតិបត្តិការឈានដល់ការចាប់ខ្លួនជនសង្ស័យឈ្មោះ អុំ សុផា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខឯកជន ដោយអនុវត្តតាមដីកាបញ្ជាឱ្យចូលខ្លួនរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញលេខ២០៧ អ.យ.ឋ ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧។ ការចាប់ខ្លួនជននេះប្រព្រឹត្តទៅនៅវេលាម៉ោងប្រមាណ១១និង២០នាទី ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧ ចំណុចភូមិដីស ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ជនសង្ស័យឈ្មោះ អុំ សុផា បានឆ្លើយសារភាព ពិតជាបានសម្លាប់សង្សាររបស់ខ្លួនមែន។ ជនសង្ស័យឈ្មោះ អុំ សុផា នេះត្រូវបានជនសង្ស័យ២នាក់ទៀតឆបោកនិងក្លែងឯកសារធ្វើជាកងរាជអាវុធហត្ថ ហើយខ្លួនគេបានទៅទិញឯកសណ្ឋានកងរាជអាវុធហត្ថនៅផ្សារទឹកថ្លាយកមកស្លៀកពាក់រហូត។ ជនសង្ស័យឈ្មោះ អុំ សុផា ដឹងថាខ្លួនឯងពុំមានឈ្មោះនៅក្នុងកងរាជអាវុធហត្ថនៅពេលដែលខ្លួនគេមើលឃើញការបដិសេធរបស់កងរាជអាវុធហត្ថនៅក្នុងហ្វេសប៊ុក។ សូមបញ្ជាក់ថា ជនសង្ស័យ២នាក់ដែលប្រព្រឹត្តបទល្មើសឆបោកនិងក្លែងឯកសារសាធារណៈត្រូវបានកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនរួចហើយ។
ផ្អែកលើលទ្ធផលនៃការស្រាវជ្រាវស៊ើបអង្កេតខាងលើ បានបង្ហាញច្បាស់ថា ជនសង្ស័យឈ្មោះ អុំ សុផា ភេទប្រុស អាយុ៣០ឆ្នាំ មិនមែនជាមន្ត្រីកងរាជអាវុធហត្ថនោះទេ។ ខ្ញុំបាទសង្ឃឹមថា សាធារណជននិងបងប្អូនទាំងអស់ នឹងជឿជាក់ទុកចិត្តមកលើកងរាជអាវុធហត្ថទ្វេដង ព្រមទាំងចូលរួមសហការផ្តល់ព័ត៌មាននានា ដើម្បីរួមចំណែករក្សាការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈនៅក្នុងសង្គមជាតិយើងឱ្យកាន់តែល្អប្រសើរឡើង។
សូមសាធារណជន និងបងប្អូនទាំងអស់ទទួលការគោរព និងស្រលាញ់យ៉ាងជ្រាលជ្រៅពីខ្ញុំបាទ ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។