(ភ្នំពេញ)៖ ក្រោយពេលទទួលបានដំណឹងដ៏រំភើប និងរីករាយឥតឧបមា ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាអ្នកការទូតដ៏ឈ្លាសវៃ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចេញចរចាជាមួយនាយករដ្ឋមន្ត្រីឡាវ ទទួលបានជោគជ័យយ៉ាងធំធេងជូនជាតិ ដោយភាគីឡាវព្រមដកទ័ព ចេញឲ្យអស់ពីទឹកដីកម្ពុជានោះ នៅថ្ងៃទី១២ ខែសីហានេះ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកជំទាវ ព្រមទាំងនាយអាវុធហត្ថ នាយរងអាវុធហត្ថទាំងអស់ សូមសម្តែងនូវក្តីអបអរសាទរចំពោះសម្តេចតេជោ និងបានបញ្ជាក់ថាសម្តេចតេជោ គឺមានភាពវៃឆ្លាតទាំងផ្នែកនយោបាយ ការទូត និងយោធា គ្មានអ្នកនយោបាយណាស់ អាចមកប្រកួតប្រជែងបានឡើយ។
សូម សម្ដេចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី និងចៅៗទាំងអស់ សូមប្រកបដោយពុទ្ធពរ ទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី១២ ខែសីហានេះ សម្ដេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅកាន់ប្រទេសឡាវ ដើម្បីចរចារជាមួយនាយករដ្ឋមន្ដ្រីឡាវ លោក ថោងលន់ ស៊ីសូលីត ដើម្បីឲ្យឡាវដកកងទ័ពចេញពីទឹកដីកម្ពុជា ហើយលទ្ធផលគឺយើងទទួលបានជោគជ័យ សូមពលរដ្ឋកម្ពុជាទាំងអស់ចូលរួមអបអរសាទរ នៃដំណឹងដ៏រីករាយបំផុតនេះ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីដ៏មានឥទ្ធិពលបំផុតរបស់កម្ពុជា បានបញ្ជាក់ពីទីក្រុងវៀងច័ន្ទថា ភាគីឡាវនឹងដកកងទ័ពរបស់ខ្លួនទាំងអស់ ចេញពីទឹកដីកម្ពុជា ក្នុងស្រុកសៀងប៉ាង ខេត្តស្ទឹងត្រែង មិនឲ្យលើសពីព្រឹកថ្ងៃស្អែកនោះឡើយ៕