ភ្នំពេញៈ នៅល្ងាចទី១១ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឌៀប វណ្ឌី នាយរងសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និង លោកអនុសេនីយ៍ឯក ម៉ាន់ ដាវីត អ្នកសម្របសម្រួលមូលនិធិ មហាគ្រួសារកងរាជអាវុធហត្ថ រួមជាមួយក្រុមការងារ អង្គភាព ស្រាវជ្រាវពត៌មាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បាននាំយកថវិការបស់មូលនិធិ មហាគ្រួសារ កងរាជអាវុធហត្ថ ទៅជូនគ្រួសារសព លោកអនុសេនីយ៍ទោ អន វណ្ណា សមាជិក អង្គភាព ស្រាវជ្រាវ ពត៌មាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានទទួលមរណភាព កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៧ ក្នុងជន្មាយុ៥០ឆ្នាំ ដោយរោគគារពាធ ស្ថិតនៅសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ថវិកាមូលនិធិដែលបានយកទៅនេះមានចំនួនប្រមាណ៣៨លានរៀល ដែលបានមកពីការបរិច្ចាកដោយស្ម័គ្រចិត្ត របស់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដែលជានាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថទាំងអស់ ដែលបានចូលរួមបរិច្ចាកថវិកាផ្ទាល់ខ្លួន ក្នុងនោះដែរ ថវិកា ចំនួន៥លានរៀល គឺជាថវិកាផ្ទាល់ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ដែល ឯកឧត្តម តែងតែបរិច្ចាក ចូលរួមរំលែកទុក្ខ ដល់គ្រួសារសព របស់មន្ត្រីកងរាជអាវុធហត្ថ ទាំងអស់ ដែលបានទទួលមរណភាព ចាប់តាំងពីឆ្នាំ២០១០ រហូតមកដល់ពេលបច្ចុប្បន្ន។
លោកអនុសេនីយ៍ឯក ម៉ាន់ ដាវីត បានឱ្យដឹងទៀតថា មូលនិធិ មហាគ្រួសារ កងរាជអាវុធហត្ថនេះ គឺធ្វើទៅឡើងក្រោមការជំរុញ និងយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា និង ឯកឧត្តម ឧត្តមសេនីយ៍ឯក វង្ស ពិសេន ដែល លោកទាំងពីរ តែងតែគិតគូរអំពីស្មារតី មនុស្សធម៌ សាមគ្គីភាព និងសុខទុក្ខ របស់ បងប្អូន កម្លាំងកងរាជអាវុធហត្ថទាំងអស់ នៅពេលដែលជួបទុក្ខលំបាក។
ក្នុងឧ៌កាសនោះដែរ លោកឧត្តមសេនីយ៍ទោ ឌៀប វណ្ឌី ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ របស់ នាយឧត្តមសេនីយ៍ សៅ សុខា ក្នុងការសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសពផងដែរ។