បន្ទាយមានជ័យៈ នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តម ឧត្ដមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តន៍តួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំខែសីហា និងលើកទិសដៅខែកញ្ញា ឆ្នាំ២០១៧ និងដោយមានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន លោកប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋាន ក្រុង ស្រុក និងស្នាក់ការសន្តិសុខ និងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថចំនួន៩៦នាក់។
ក្នុងកិច្ចប្រជុំនោះផងដែរ លោកឧត្តមសេនីយ៍ត្រី ឱ បូរិន្ទ ក៏បានដាក់ចេញនូវវិធានការណ៍ និងទិសដៅអនុវត្តន៍មួយចំនួនរួមមាន៖
១-ការធ្វើផែនការ ការពារសន្តិសុខ រក្សាសុវត្ថិភាព សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងភូមិសាស្រ្តខេត្ត និងតាមមូលដ្ឋាន ក្រុង ស្រុក។
២-ការត្រៀមកម្លាំង មធ្យោបាយ សម្ភារ: គ្រឿងបំពាក់អាវុធគ្រាប់ សម្រាប់បម្រើការងារប្រតិបត្តិការ និងចុះជួយប្រជាពលរដ្ឋ ដែលជួបគ្រោះមហន្តរាយជាយថាហេតុ។
៤-ការចាត់តាំងកម្លាំងចេញល្បាត និងការពារតាមគោលដៅសំខាន់ៗ និងទីប្រជុំជន។
៥-ការចាត់តាំងកម្លាំងជំនាញ ចុះស្រាវជ្រាវរុករកមុខសញ្ញាជនល្មើស។
៦-ការអនុវត្តន៍យុទ្ធសាស្ត្រ បង្ការ បង្រ្កាប បទល្មើសធនធានធម្មជាតិ ដូចជា ការកាប់ព្រៃឈើខុសច្បាប់ កាប់រានទន្រ្ទានយកដីរដ្ឋ រុករករ៉ែខុសច្បាប់ ចាប់ឬនាំសត្វព្រៃខុសច្បាប់ និងបទល្មើសនេសាទខុសច្បាប់។
៧- ត្រួតពិនិត្យចរាចរអាវុធជាតិផ្ទុះ បង្រ្កាបការប្រើប្រាស់អាវុធខុសច្បាប់ នៅក្នុងភូមិសាស្រ្តខេត្ត និងតាមមូលដ្ឋានក្រុង ស្រុក រៀងៗខ្លួន។
៨-ពង្រឹងកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន ស្ថាប័នសមត្ថកិច្ចជំនាញ និងកងកម្លាំងប្រដាប់អាវុធ ក្នុងកិច្ចប្រតិបត្តិការឲ្យបានល្អប្រសើរផងដែរ។
លោកឧត្ដមសេនីយ៍ មេបញ្ជាការ បានមានប្រសាសន៍បន្ថែមទៀតថា តាមបណ្ដាអង្គភាពនីមួយៗត្រូវពង្រឹងការងារនិងគ្រប់គ្រងចំនួនទ័ពឲ្យបានម៉ឺងម៉ាត់ និងអនុវត្តន៍វិធានការផ្ទៃក្នុង០៩ចំណុច របស់កងរាជអាវុធហត្ថ ព្រមទាំងធ្វើផែនការបើកវគ្គហ្វឹកហ្វឺន បំប៉នជំនាញកងរាជអាវុធហត្ថក្នុងអង្គភាពនីមួយៗ ជាពិសេសបន្តការចុះយកព័ត៌មាននិងថតយកសកម្មភាពស្នាដៃអាវុធហត្ថដែលធ្វើបាន ដើម្បីផ្សព្វផ្សាយតាមសារព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ។
លោកឧត្ដមសេនីយ៍ត្រី ឱ បូរិន្ទ ក៏បានមានប្រសាសន៍បន្តទៀតថា គ្រប់អង្គភាពចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ត្រូវបន្តការអប់រំផ្សព្វផ្សាយ ស្ដីពីសិទ្ធិមនុស្ស និងក្រមសីលធម៌ របស់កងយោធពលខេមរភូមិន្ទ និងបន្តការផ្សព្វផ្សាយ បទបញ្ជា សារាចរ សេចក្ដីណែនាំ ដែលបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដាក់ជូន ព្រមទាំងបន្តការងារមនុស្សធម៌ និងចុះសួរសុខទុក្ខក្រុមគ្រួសារអាវុធហត្ថជួបការលំបាក និងបានធ្វើការផ្ដាំផ្ញើដល់គ្រប់មូលដ្ឋានក្រុង ស្រុក បន្តការងារធានា គ្រប់មធ្យោបាយ គ្រឿងបំពាក់ សម្រាប់បម្រើការងារអង្គភាព ជម្រុញការងារបង្កបង្កើនផល ដាំដុះ ចិញ្ចឹមសត្វ បន្តការជួសជុលនិងកសាងសំណង់ផ្សេងៗ បន្តការយកចិត្តទុកដាក់ លើសុខុមាលភាពនិងអនាម័យ និងបានដាក់បទបញ្ជាដល់កម្លាំងអាវុធហត្ថទាំងអស់ទូទាំងខេត្តត្រូវប្រមូលកម្លាំងត្រៀមដើម្បីទ្រទ្រង់ក្នុងការអន្តរាគមន៍លើសភាពការណ៍ផ្សេងៗ យោងតាមបទបញ្ជារបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
ជាចុងបញ្ចប់ លោកឧត្ដមសេនីយ៍ត្រី ឱ បូរិន្ទ ក៏បានធ្វើការកោតសរសើរដល់គ្រប់មូលដ្ឋាន ក្រុង ស្រុក ក៏ដូចនាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថទាំងអស់ ដែលបានអនុវត្តន៍ តួនាទី ភារកិច្ច គោរពតាមសារាចរ និងបទបញ្ជារបស់ថ្នាក់លើបានយ៉ាងខ្ជាប់ខ្ជួនផងដែរ។