បន្ទាយមានជ័យៈ ដោយបានទទួលព័ត៌មានពីភ្នាក់ងារផ្ដល់ព័ត៌មានថា នៅចំណុចភូមិល្វា ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ មានជនសង្ស័យម្នាក់កំពុងជួញដូរគ្រឿងញៀនដោយខុសច្បាប់ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកម៉ាឡៃ ដឹកនាំដោយលោកវរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ បានចុះធ្វើប្រតិបត្តិការបង្រ្កាបហើយធ្វើការឃាត់ខ្លួនជនសង្ស័យនោះ នៅវេលាម៉ោង១១និង៣០នាទី ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ នៅចំណុចផ្លូវដើមត្នោត ស្ថិតក្នុងភូមិល្វា ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ព្រមទាំងដកហូតវត្ថុតាងគ្រឿងញៀនប្រភេទមេតំហ្វេតាមីនគ្រាប់ចំនួន២០១គ្រាប់, ម៉ូតូ០១គ្រឿង, ទូរស័ព្ទដៃចំនួន០២គ្រឿងផងដែរ។
លោកវរសេនីយ៍ត្រី តាំង សុខហេង បានប្រាប់ឲ្យដឹងថា ក្រោយពីធ្វើការឃាត់ខ្លួនបានហើយ ជនសង្ស័យត្រូវបានបញ្ជូនមកបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក ដើម្បីធ្វើការសាកសួរ ហើយបានកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យចាត់ការបន្ត។
លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលការងារបទល្មើសគ្រឿងញៀនបានប្រាប់ឲ្យដឹងថា ជនសង្ស័យឈ្មោះ នូវ ណារ៉ុង ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិដូង ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានប្រាប់ឲ្យដឹងទៀតថា ក្រោយពីសាកសួរចម្លើយរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនគេពិតជាបានកាន់គ្រឿងញៀនយកទៅលក់ពិតប្រាកដមែន តែមិនទាន់បានលក់ផងស្រាប់តែកម្លាំងអាវុធហត្ថធ្វើការឃាត់ខ្លួនបានតែម្ដង។
លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានប្រាប់ឲ្យដឹងទៀតថា ផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងទៀតនោះ យើងអាចសន្និដ្ឋានបានថា ជនសង្ស័យឈ្មោះ នូវ ណារ៉ុង ពិតជាបានប្រព្រឹត្តអំពើជួញដូរដោយខុសច្បាប់នូវសារធាតុញៀនពិតប្រាកដមែន ដែលអំពើនេះបានរំលោភបំពានលើច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន ចុះថ្ងៃទី២២ ខែកុម្ភះ ឆ្នាំ២០១២។
ជនសង្ស័យ និងវត្ថុតាងត្រូវបានមន្ត្រីជំនាញ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី។