ភ្នំពេញៈ នៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ នៅទីតាំងហ្វឹកហ្វឺនដៃចង្កូតអូប័រ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ឯកឧត្តម ឧត្តមសេនីយ៍ឯក ទៀវ ប៊ុនខេង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលជំនាញ សម្ភារៈបច្ចេកទេស តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទវគ្គបំប៉នជំនាញដៃចង្កូតអូប័រជំនាន់ទី១៧ ដែលបានហ្វឹកហ្វឺនជំនាញអស់រយៈពេល៩ថ្ងៃ ក្នុងការបំប៉នដៃចង្កូតអូប័រ ដល់នាយ-នាយទាហានរងនៃកងរាជអាវុធហត្ថ ដើម្បីត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋពេលជួបគ្រោះមហន្តរាយ ដោយសារទឹកជំនន់ជាយកថាហេតុ។
លោកឧត្តមសេនីយ៍ត្រី ផាត់ សាវុធ ស្នងការរង ស្នងការដ្ឋានសម្ភារៈបច្ចេកទេស បានធ្វើសេចក្តីរាយការណ៍ជូនអង្គពិធី ឲ្យដឹងថា ការហ្វឹកហ្វឺនដៃចង្កូតអូប័រនេះ មាននាយទាហាន នាយទាហានរងនៃវរសេនាតូចចល័តអន្តរាគមន៍ ៣៥នាក់ វរសេនាតូចសង្គ្រោះគ្រោះមហន្តរាយ ១៥នាក់ ដោយធ្វើការហ្វឹកហ្វឺនលើជំនាញបើកបរពង្រឹងដៃចង្កូតលើផ្ទៃទឹក ជំនាញជុសជុលម៉ាស៊ិនបឋម និងជំនាញជួយសង្គ្រោះបឋម។
ជាលទ្ធផលសិក្ខាកាមទទួលបាននិទេ្ទសល្អ ៤១នាក់ និទ្ទេសល្អបង្គួរ ៦នាក់ និងនិទ្ទេសមធ្យម ២នាក់។
ក្នុងឱកាសនេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ទៀវ ប៊ុនខេង ក៏បានសម្តែងនូវការអបអរសាទរចំពោះគ្រូឧទ្ទេសនាមនិងជំនាញពាក់ព័ន្ធទាំងអស់ ដែលបានជំរុញឲ្យវគ្គបំប៉ននេះ បានបញ្ចប់ដោយជោគជ័យ ព្រមទាំងអបអរសាទរចំពោះការខិតខំប្រឹងប្រែងរៀនសូត្ររបស់កម្មសិក្សាការីវគ្គជំនាន់ទី១៧នេះ ទទួលបានលទ្ធផល៩៥%ក្នុងការហ្វឹកហ្វឺនបំប៉នជំនាញដៃចង្កូតអូប័រនិងទូកយន្ត ដើម្បីត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋពេលជួបគ្រោះមហន្តរាយ ដោយសារទឹកជំនន់ជាយថាហេតុ។
នេះជាការត្រៀមកម្លាំង អនុវត្តតាមបទបញ្ជា របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះមហន្តរាយដោយសារទឹកជំនន់ សាកសមជាកម្លាំងដែលមានទំនុកចិត្តរបស់ មហាជន ប្រជាជន របស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន មកលើកម្លាំងកងរាជអាវុធហត្ថ។
ក្នុងនេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ទៀវ ប៊ុនខេង បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ នៅពេលត្រឡប់ទៅកាន់អង្គភាពវិញ ត្រូវតែមានវត្តមានជាប្រចាំនិងមានទំនួលខុសត្រូវខ្ពស់លើតួនាទី ភារកិច្ច ត្រៀមចេញប្រតិបត្តិសង្គ្រោះប្រជាពលរដ្ឋរបស់យើង ដែលអាចកើតឡើងជាយថាហេតុ ព្រមទាំងតូ្រវប្រកាន់ភ្ជាប់នូវវិន័យ ក្រមសីលធម៌វិជ្ជាជីវៈ និងប្រកបគុណធម៌។
ឯកឧត្តម ឧត្តមសេនីយ៍ឯក បានបន្ថែមថា ក្នុងនាមយើងជាកងរាជអាវុធហត្ថ ជាកូន ជាចៅ របស់ប្រជាពលរដ្ឋ តូ្រវជួយសង្គ្រោះប្រជាពលរដ្ឋរបស់យើង ដោយមិនប្រកាន់និន្ននាការនយោបាយ ញាតិសន្តាន ចៀសវាងដាច់ខាតមិនត្រូវទទួលលាភសក្ការៈពីបងប្អូនប្រជាពលរដ្ឋ ត្រូវយកជំនាញនេះទៅប្រើប្រាស់ជួយសង្គ្រោះប្រជាពលរដ្ឋរបស់យើង និងសូមរក្សាចិត្តមនុស្សធម៌ក្នុងខ្លួន គោរពតួនាទី ភារកិច្ច។