ស្ទឹងត្រែងៈ នៅវេលាម៉ោង១៤ និង០០នាទីរសៀល ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង សហការជាមួយ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងស្ទឹងត្រែង បានធ្វើការបង្ក្រាបករណីដឹកជញ្ជូនឈើដោយគ្មានច្បាប់អនុញ្ញាត ចំនួន០១លើក ស្ថិតនៅចំណុចគល់ស្ពានសេកុង ភូមិហាងខូសួន សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការឃាត់ខ្លួនបានជនសង្ស័យម្នាក់មានឈ្មោះ អឿ ក្រុង ភេទប្រុស អាយុ៣៣ឆ្នាំ ខ្មែរ មុខរបរ អ្នកយកពត៌មាន រស់នៅភូមិកោះសំពាយ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង និងចាប់យកនូវវត្ថុតាងមួយចំនួនរួមមាន រថយន្ត ០១គ្រឿង ម៉ាកម៉ង់តេរ៉ូ (MONTERO) ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ2D-5313 រួមជាមួយឈើប្រណិតប្រភេទធ្នង់ ពេញរថយន្ត (មិនទាន់វាស់វែង)។
បច្ចុប្បន្ន វត្ថុតាងត្រូវបានប្រគល់អោយមន្ត្រីជំនាញ នៃផ្នែករដ្ឋបាលព្រៃឈើវាស់វែង ដើម្បីចាត់ការបន្តតាមនិតិវិធី។