បាត់ដំបងៈ នៅល្ងាចទី២៨ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណះ និងក្រុមការងារ កងរាជអាវុធហត្ថខេត្តបាត់ដំបង តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បាននាំយកថវិការបស់មូលនិធិ មហាគ្រួសារ កងរាជអាវុធហត្ថ ចំនួន ៤២.៩៥២.០០០ រៀល (សែសិបពីរលាន ប្រាំបួនសែន ប្រាំមឺុន ពីរពាន់ រៀល) ទៅជូនគ្រួសារសព លោកឧត្តមសេនីយ៍ត្រី លាក់ លួម មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តបាត់ដំបង ដែលបានទទួលមរណភាព កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ ក្នុងជន្មាយុ៦២ឆ្នាំ ដោយរោគគារពាធ ស្ថិតនៅខេត្តបាត់ដំបង។
អ្នកសម្របសម្រួលមូលនិធិ មហាគ្រួសារ កងរាជអាវុធហត្ថ បានអោយដឹងថា ថវិកាទាំងអស់នេះ គឺបានមកពីការបរិច្ចាកដោយស្ម័គ្រចិត្ត ដោយទឹកចិត្តសប្បុរសធម៌របស់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដែលជានាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថទាំងអស់ ដែលបានចូលរួមបរិច្ចាកថវិកាផ្ទាល់ខ្លួន ក្នុងនោះដែរ ថវិកា ចំនួន៥,០០០,០០០រៀល គឺជាថវិកាផ្ទាល់ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ដែល ឯកឧត្តម តែងតែបរិច្ចាក ចូលរួមរំលែកទុក្ខគ្រួសារសព របស់មន្ត្រីកងរាជអាវុធហត្ថ ទាំងអស់ ដែលបានទទួលមរណភាព ចាប់តាំងពីឆ្នាំ២០១០ រហូតមកដល់ពេលបច្ចុប្បន្ន។
សូមបញ្ជាក់ថា មូលនិធិ មហាគ្រួសារ កងរាជអាវុធហត្ថនេះ ធ្វើទៅក្រោមការដឹកនាំផ្ទាល់ និងយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា និង ឯកឧត្តម ឧត្តមសេនីយ៍ឯក វង្ស ពិសេន ដែល ឯកឧត្តមទាំងពីរ តែងតែគិតគូរអំពីស្មារតី មនុស្សធម៌ សាមគ្គីភាព និងសុខទុក្ខ របស់ បងប្អូន កម្លាំងកងរាជអាវុធហត្ថទាំងអស់ នៅពេលដែលជួបទុក្ខលំបាក។