អហ.ខណ្ឌមានជ័យ៖ បុរសម្នាក់បានលួចម៉ូតូ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យ ធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោង២៣និង៣០នាទី ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៥ ។
ជនសង្ស័យដែលធ្វើសកម្មភាពលួចម៉ូតូនេះមានឈ្មោះ សៀកម៉ី ភេទប្រុសអាយុ19ឆ្នាំមុខរបរកម្មករសំណង់ស្នាក់នៅផ្ទះជួលភូមិដំណាក់ធំសង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យ បានឡើងតាមជញ្ជាំងរោងរស់នៅរបស់ជាងសំណង់រឈ្មោះឃឹម សុខជា ភេទប្រុសអាយុ30ឆ្នាំ ធ្វើសកម្មភាពលួចម៉ូតូពេលនោះម្ចាស់រោងបានភ្ញាក់ទាន់ក៏ស្ទុះទៅចាប់ជាប់ហើយស្រែកអោយគេជួយ។ ក្រោយឭសំលេងស្រែកឲ្យជួយនេះ អ្នកជិតខាងបានមកជួយហើយបានវាយទាត់ជនសង្ស័យឈ្មោះសៀក ម៉ី ឡើងទ្រោមខ្លួន ។
បន្ទាប់មកក៏មានអ្នកជិតខាងស្រែកថាបាត់ទូរស័ព្ទអស់2គ្រឿងហើយមកសួរជនសង្ស័យនោះ ក៏សារភាពថាវាបានលួចយកទៅលាក់ក្បែទ្វារបង ហើយក៏នាំទៅយកមកវិញ។
ក្រោយពីបញ្ជូនទៅកាន់នគបាលប៉ុស្តិ៍ស្ទឹងមានជ័យ ដោយមិនឃើញមានជនរងគ្រោះទៅដាក់ពាក្យបណ្តឹងខាងប៉ូលីស ក៏បានដោះលែងវិញ ។
លុះដល់ព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ជនសង្ស័យឈ្មោះ សៀក ម៉ី នេះបានទៅដល់រោងរបស់ជនរងគ្រោះហើយបាននិយាយគំរាមថាអ្នកណាវ៉ៃអញពីយប់មិញអញនិងមិនអោយរស់ទេ ។ លុះដល់ពេលរសៀលជនរងគ្រោះមានការភ័យខ្លាចនិងការគំរាមនោះក៏នាំគ្នាទៅចាប់ឈ្មោះសៀក ម៉ីដែលស្នាក់នៅបន្ទប់ជួលចម្ងាយប្រហែល100ម៉ែត្រពីទីនោះ និងយកម៉ូតូដែលចោរលួចពីយប់នោះមកប្រគល់អោយកម្លាំងកងរាជអាវុធហត្ថដែលប្រចាំការនៅសង្កាត់ស្ទឹងមានជ័យ ដោយប្តឹងពីបទលួចម៉ូតូមិនបានសម្រេចនិងគំរាមសម្លាប់គាត់៕