ភ្នំពេញៈ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ នៅសាលប្រជុំសេនាធិការដ្ឋាន នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថខែសីហា និងទិសដៅការងារខែកញ្ញា ឆ្នាំ២០១៧ ក្រោអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក វង្ស ពិសេន មេបញ្ជាការរង និងជា នាយសេនាធិការ កងរាអាវុធហត្ថលើផ្ទៃប្រទេស និងដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ នាយរងសេនាធិការ ស្នងការ ស្នងការរង នាយកសាលាទាំងពីរ មេបញ្ជាការរង តាមបណ្តារាជធានី ខេត្ត និងនាយការិយាល័យ ព្រមទាំងមេបញ្ជាការ កងអនុសេនាធំ កងអន្តរាគមន៍ ចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាច្រើនរូបទៀត។
បន្ទាប់ពីលោកឧត្តមសេនីយ៍ទោ សាន ប៊ុនធឿន នាយរងសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលបន្ទុកស្នងការដ្ឋានប្រតិបត្តិការ បានឡើងអានរបាយការណ៍ជំរាបជួនអង្គប្រជុំរួចមក មេបញ្ជាការរង តាមបណ្តាខេត្ត ក្រុង និងស្នងការចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលមានការពាក់ពាន្ធក៏បានឡើងធ្វើបទបង្ហាញ ដកស្រង់បទពិសោធន៍ និងផ្ដល់មតិស្វែងយល់អំពីកិច្ចការងារដែលបានអនុវត្តកន្លងមក។
ថ្លែងក្នុងពិធីនោះដែរ!ឯកឧត្តម ឧត្តមសេនីយ៍ឯក វង្ស ពិសេន បានមានប្រសាសន៍វាយតម្លៃខ្ពស់ទៅដល់ គ្រប់បណ្តាថ្នាក់ទទួលខុសត្រូវ នាយ នាយរង និងពលអាវុធហត្ថទាំងអស់ ដែលបានយកចិត្តទុកដាក់គោរពតាមបទបញ្ជា គោរពវិន័យ គោរពតូនាទីភារកិច្ច ក្នុងកិច្ចការងាររក្សាការពារសន្តិសុខសណ្ដាប់ធ្នាប់សង្គមបានយ៉ាងល្អប្រសើរ។
បន្តមកទៀត ឯកឧត្តម បានមានប្រសាសន៍សង្កត់ធ្ងន់ទៅលើការងារជំនាញបង្ក្រាបបទល្មើស និងបានណែនាំដល់ជំនាញត្រូវធ្វើយ៉ាងណាយកចិត្តទុកដាក់អោយបានខ្ពស់ទៅលើសកម្មភាពបទល្មើសផ្សេងៗដែលអាចនឹងកើតមានឡើងដោយយថាហេតុជាពិសេសការងារបង្ក្រាបបទល្មើសត្រូវធ្វើអោយមានតម្លាភាពនិងមានការប្រុងប្រយ័ត្នហើយបង្ក្រាបអោយបានជោគជ័យដើម្បីធានាស្ថេរភាពសុវត្តិភាពជូនប្រជាពលរដ្ឋនិងរាជរដ្ឋាភិបាល។
ជាចុងក្រោយ ឯកឧត្តម ក៏បានមានប្រសាសន៍ផ្តាំផ្ញើ និងដាក់ទិសដៅបន្តនៅពេលខាងមុខ ក្នុងនាមជាមេបញ្ជាការ មេបញ្ជាការរង តាមបណ្តាថ្នាក់ខេត្តទាំងអស់ ត្រូវបន្តនូវគុណសម្បត្តិដ៏ធំធេងបន្ថែមទៀត ជាពិសេសនៅពេលប៉ុន្មានថ្ងៃខាងមុខនេះ មានពិធីបុណ្យផ្សេងៗអស់លោកត្រូវដាក់ផែនការឱ្យបានច្បាស់លាស់ អំពីកម្លាំងធ្វើយ៉ាងណាសម្រួលការកក់ស្ទះនៅតាមដងផ្លូវការពារនូវតាមរមណីយដ្ឋាន,ទីវត្តអារាម,ទីកំសាន្តត្រៀមរថយន្តសង្រ្គោះរថយន្តពន្លត់អគ្គីភ័យនិងចុះត្បាតគ្រប់ទីកន្លែងឱ្យបានជាប្រចាំឃ្លាំមើលជនខិលខូចមួយក្តាប់តូច ដែលគេឆ្លៀតឱកាសចូលលូចគាស់ផ្ទះប្រជាពលរដ្ឋនៅពេលដែលគាត់ធ្វើដំណើរទៅលេងស្រុកកំណើតដើម្បីជួបជុំគ្រួសាររបស់គាត់៕