ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ សាលាកងរាជអាវុធហត្ថកំបូល ឯកឧត្តម ឧត្តមសេនីយ៍ត្រី អេង ហីុ ស្នងការរង ស្នការដ្ឋានកសាងកម្លាំង និងជាអ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើបទឧទ្ទេសនាមស្តីពីកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នផ្សេងៗ ដល់សិក្ខាកាមវគ្គមន្ត្រីនគរបាលយុត្តិធម៌ជំនាន់ទី២៣ និងវគ្គនាយទាហាននៃកងរាជអាវុធហត្ថឆ្នាំ២០១៧ ដែលមានសិក្ខាមសរុបចំនួន២៣១ នាក់។
លោកឧត្តមសេនីយ៍ត្រី ក៏បានបង្ហាញអំពីតួនាទីភារកិច្ចរបស់កងរាជអាវុធហត្ថដែលមានចែងក្នុងអនុក្រឹតលេខ៧៧ មាត្រា៤ ដែលមានបេសកកម្មបួនសំខាន់គឺ ទី១ រ៉ាប់រងប៉ូលីសរដ្ឋបាល គឺធ្វើសណ្តាប់ធ្នាប់ពាក់ព័ន្ធការការពារសន្តិសុខ ដោយធ្វើការសហការជាមួយកងកម្លាំងប្រដាប់អាវុធផ្សេងៗ និងដោយយើងធ្វើក្រោមបញ្ជារបស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចំណែកនៅតាមបណ្តាខេត្តគឺក្រោមគណៈបញ្ជាការឯកភាពខេត្ត ។
ទី២ នគរបាលយុត្តិធម៌ គឺពាក់ព័ន្ធនឹងតួនាទីភារកិច្ចក្នុងនាមមន្ត្រីនគបាលយុត្តិធម៌ ដើម្បីពង្រឹងនីតិរដ្ឋនៅកម្ពុជា និងដើម្បីពង្រឹងអោយប្រជាពលរដ្ឋអនុវត្តច្បាប់។ ទី៣ ជាតម្រួតយោធា ពាក់ព័ន្ធជាមួយសណ្តាប់ធ្នាប់យោធា និងបទល្មើសយោធា ហើយមានតែកងរាជអាវុធហត្ថទេដែលមានសមត្ថកិច្ចទៅលើបទល្មើសយោធា។ ទី៤ ការផ្តល់កម្លាំងទៅអោយស្ថាប័ននានា មានដូចជាគយ ពន្ធដា ព្រៃឈើ ជលផល ក្រសួងនានា និងនគរបាលជាតិ។
លោកឧត្តមសេនីត្រី បានបញ្ជាក់ថា បទឧទ្ទេសនាមនេះគឺដើម្បីអោយមន្ត្រីប្រតិបត្តិច្បាប់យល់អំពីតួនាទីភារកិច្ចរបស់កងរាជអាវុធហត្ថ នៅក្នុងពេលធ្វើកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នផ្សេងៗដើម្បើអោយមានភាពរលួន និងមានប្រសិទ្ធិភាពខ្ពស់។