ភ្នំពេញៈ នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានរៀបចំពិធីផ្សព្វផ្សាយ ស្តីពីសភាពការណ៍វិវឌ្ឍន៏ថ្មីៗ លើវិស័យនយោបាយសន្ដិសុខការពាជាតិសម្រាប់ឆ្ពោះទៅកាន់ឆ្នាំ២០១៨ ដល់នាយ នាយរងកងរាជអាវុធហត្ថ ក្រោអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយក អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ និងគណៈប្រតិភូអមដំណើរពីក្រសួងការពារជាតិ ព្រមទាំងមានការចូលរួមពីឯកឧត្តម ឧត្តមសេនីយ៍ នាយរងសេនាធិការ និងនាយ នាយរងអាវុធហត្ថព្រមទាំងសិក្ខាកាមមកពីបណ្តាស្នងការដ្ឋាន កងវរសេនាតូចគចល័ត ចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស សរុបចំនួន៨១នាក់ផងដែរ។
មានប្រសាសន៏នាឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៏ មាស សាវ៉ន បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំកងរាជអាវុធហត្ថ ដែលបានបំពេញភារកិច្ចចំពោះមុខទទួលបានលទ្ធផលដ៏ត្រចះត្រចង់នៅពេលនេះព្រមទាំងបានការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនប្រជាពលរដ្ឋ និងប្រទេសជាតិទាំងមូល។
បន្ទាប់មកទៀត នាយឧត្តមសេនីយ៍ មាស សាវ៉ន បានលើកឡើងពីសភាពការណ៍ជាតិ អន្តរជាតិ និងការកំណែទម្រង់ កងយោធពលខេមរភូមិន្ទគិតពីថ្ងៃបដិសន្ធិចេញពីកងទ័ពបារាំងឆ្នាំ១៩៥៣ មកដល់បច្ចុប្បន្ន ព្រមទាំងសមិទ្ធិផលនានា ដែលកងយោធពលខេមរភូមិន្ទសម្រេចបានក្នុងកិច្ចការ,ការពារបូរណភាពទឹកដីគង់វង្សមកដល់បច្ចុប្បន្ន ក្រោយពេលដំណាក់កាលនៃការបែកបាក់នឹងសង្គ្រាមស៊ីវិលចាប់តាំងពីដើមទស្សវត្សទី៧០កម្ពុជាស្ថិតក្នុងភ្នក់ភ្លើងសង្គ្រាមវិនាសសកម្មឥតស្រាកស្រាន្ដ។
ក្រោយឆ្នាំ១៩៩៣មានការបង្រួបបង្រួមនិងកែទម្រង់ស្របនឹងសភាពការណ៏កាត់រំសាយទ័ព៧០ភាគរយនិងការធ្វើសមាហរណកម្មកម្លាំងខ្មែរក្រហមក្នុងតំបន់ប៉ែលិន,ម៉ាឡៃ,អន្លង់វែងនាឆ្នាំ១៩៩៦និងឆ្នាំ១៩៩៨ដោយនយោបាយឈ្នះឈ្នះ របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានរក្សាមុខតំណែងអត្ថប្រយោជន៍ ដល់កងកម្លាំងទាំងនេះនិងដោយមានសន្តិភាព,ស្ថេរភាពនយោបាយ និងការអភិវឌ្ឍរហូតដល់សព្វថ្ងៃគឺៈបានមកពីការធ្វើពលិកម្មដ៏ធំធេងលះបង់សាច់ស្រស់ឈាមស្រស់របស់កងយោធពលខេមរភូមិន្ទ។
ក្នុងរយៈពេល២ម៉ោងបន្ទាប់ពីផ្សព្វផ្សាយពីសភាពការណ៍ជាតិ.អន្ដរជាតិធ្វើឱ្យនាយ.នាយរងអាវុធហត្ថនិងសិក្ខាកាមទាំងអស់យល់ច្បាស់នូវមហិច្ឆតាល្មោភអំណាចរបស់ជនអគតិមួយចំនួនប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលប្រសូត្រចេញពីការបោះឆ្នោតនិងជាអ្នកជួយរំដោះជីវិតប្រជាពលរដ្ឋនាថ្ងៃ៧មករា១៩៧៩គឺមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោនាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជាបាននឹងកំពុងដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់ត្រើយសុខសន្ដិភាពនិងការអភិវឌ្ឍន៍៕