You are currently viewing ឧត្ដមសេនីយ៍ឯក ស៊ិន សុផាន្នី ចុះផ្សព្វផ្សាយការបែងចែកភារកិច្ចទទួលខុសត្រូវ ជួយមេបញ្ជាការ លើការងារតាមផែនជំនាញ និងការពង្រឹងការអនុវត្តន៍កិច្ចនីតិវិធី របស់នគរបាលយុត្តិធម៌

ឧត្ដមសេនីយ៍ឯក ស៊ិន សុផាន្នី ចុះផ្សព្វផ្សាយការបែងចែកភារកិច្ចទទួលខុសត្រូវ ជួយមេបញ្ជាការ លើការងារតាមផែនជំនាញ និងការពង្រឹងការអនុវត្តន៍កិច្ចនីតិវិធី របស់នគរបាលយុត្តិធម៌

បន្ទាយមានជ័យៈ នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានទទួលស្វាគមន៍ ប្រតិភូជំនាញយុត្តិធម៌ ដឹកនាំដោយ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ស៊ិន សុផាន្នី មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលផែននគរបាលយុត្តិធម៌ បានអញ្ជើញជាអធិបតីភាពក្នុងពិធីផ្សព្វផ្សាយការបែងចែកភារកិច្ចទទួលខុសត្រូវ ជួយមេបញ្ជាការ លើការងារតាមផែនជំនាញ និងការពង្រឹងការអនុវត្តន៍កិច្ចនីតិវិធី របស់នគរបាលយុត្តិធម៌ ក្នុងកងរាជអាវុធហត្ថ។

ពិធីនេះមានការចូលរួមពីសំណាក់លោកមេបញ្ជាការ មេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរយុត្តិធម៌ ប្រធាន អនុប្រធានមន្ទីរបច្ចេកទេសសន្តិសុខ ប្រធាន អនុប្រធានមន្ទីររដ្ឋបាលនិងហិរញ្ញវត្ថុ នាយ ជំនួយការការិយាល័យបទល្មើសព្រហ្មទណ្ឌ បទល្មើសជួញដូរមនុស្ស បទល្មើសគ្រឿងញៀន នាយការិយាល័យបុគ្គលិក និងមេបញ្ជាការមូលដ្ឋាន ក្រុង-ស្រុក ស្នាក់ការសន្តិសុខ មេបញ្ជាការរងទទួលការងារយុត្តិធម៌ និងនាយ នាយរងអាវុធហត្ថជាមន្ត្រី និងជាភ្នាក់ងារនគរបាលយុត្តិធម៌ផងដែរ។

ក្នុងកិច្ចផ្សព្វផ្សាយនោះដែរ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ស៊ិន សុផាន្នី បានមានប្រសាសន៍ថា ដោយបានការអនុញ្ញាតិដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចាត់តាំងឲ្យលោកចុះផ្សព្វផ្សាយការបែងចែកភារកិច្ចទទួលខុសត្រូវជួយមេបញ្ជាការ លើការងារតាមផែនជំនាញ និងការពង្រឹងការអនុវត្តន៍កិច្ចនីតិវិធីរបស់នគរបាលយុត្តិធម៌ ក្នុងកងរាជអាវុធហត្ថបណ្ដារាជធានី-ខេត្ត។ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ស៊ិន សុផាន្នី បានមានប្រសាសន៍បន្តទៀតថា មន្រ្តីនគរបាលយុត្តិធម៌ទាំងអស់ត្រូវយកចិត្តទុកដាក់ ការអនុវត្តន៍តួនាទីភារកិច្ចឲ្យបានត្រឹមត្រូវតាមជំនាញនីមួយៗផងដែរ។