បន្ទាយមានជ័យៈ យោងតាមពាក្យបណ្ដឹងចុះថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧ របស់ឈ្មោះ ថាន ចិន្ដា ភេទស្រី អាយុ៣៤ឆ្នាំ ត្រូវជាម្ដាយជនរងគ្រោះឈ្មោះ ត.ស.យ ភេទស្រី អាយុ០៥ឆ្នាំ រស់នៅភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានប្ដឹងទៅលើឈ្មោះ ទួត ប៊ុនសុង ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ពីករណីលួងលោមកូនរបស់គាត់រួមភេទ។
មន្ត្រីមូលដ្ឋាន កងរាជអាវុធហត្ថក្រុងសិរីសោភ័ណ្ឌ បានប្រាប់ឲ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្ដឹងហើយនោះ កម្លាំងកងរាជអាវុធហត្ថ បានចុះធ្វើការឃាត់ខ្លួនឈ្មោះ ទួត ប៊ុនសុង បាន នៅវេលាម៉ោង២២និង៣០នាទី ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចតាមផ្លូវ ស្ថិតក្នុងភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
មន្ត្រីដដែល បានប្រាប់ឲ្យដឹងទៀតថា ក្រោយពីឃាត់ខ្លួនបានហើយនោះកម្លាំងជំនាញអាវុធហត្ថក្រុង បានរៀបចំឯកសារបញ្ជូនទៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្ត។
មន្ត្រីកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលការងារយុត្តិធម៌បានឲ្យដឹងថា ក្រោយពីការសាកសួររបស់កម្លាំងជំនាញរួចមក ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនគេពិតជាបានធ្វើសកម្មភាពលួងលោមក្មេងស្រីឈ្មោះ ត.ស.យ យកទៅក្នុងព្រៃដើម្បីបំពេញផ្លូវភេទពិតប្រាកដមែន តែពុំបានសម្រេចនោះទេ។
ជនសង្ស័យបានបន្តទៀតថា ដោយរូបគេផឹកស្រាស្រវឹងហើយប្រើប្រាស់គ្រឿងញៀនទៀតផងនោះ ទើបធ្វើឲ្យរូបគេចង់រួមភេទតែម្ដង។
មន្ត្រីដដែល បានឲ្យដឹងទៀតថា ក្រោយពីបានស្ដាប់ការបំភ្លឺរបស់កុមារីឈ្មោះ ត.ស.យ.និងចម្លើយសារភាពរបស់ជនសង្ស័យ គឺមានភាពស៊ីសង្វាក់គ្នាយ៉ាងជាក់លាក់ នៃពាក្យបណ្ដឹងខាងលើ ទើបសមត្ថកិច្ចជំនាញ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្ត តាមនីតិវិធី។