បន្ទាយមានជ័យៈ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង០៨ និង០០នាទី នៅវិទ្យាល័យ ហ៊ុន សែន មង្គលបូរី ស្ថិតក្នុងភូមិជំទាវ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ មន្ត្រី កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលការងារបទល្មើសគ្រឿងញៀន និងលោកវរសេនីយ៍ទោ ធៀម ភក្តី ប្រធានមន្ទីរបច្ចេកទេសសន្តិសុខ ជាគ្រូឧទ្ទេសនាម បានចុះផ្សព្វផ្សាយស្តីពីផលប៉ះពាល់គ្រោះថ្នាក់ នៃគ្រឿងញៀន ដល់លោក លោកស្រី នាយក នាយិកា វិទ្យាល័យ អនុវិទ្យាល័យ បឋមសិក្សា និងការិយាល័យអប់រំស្រុកចំនួន១០៦នាក់ ក្នុងនោះស្រីមានចំនួន១២នាក់ ។
លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានមានប្រសាសន៍ក្នុងពិធីផ្សព្វផ្សាយនោះថា ការផ្សព្វផ្សាយ អំពីផលប៉ះពាល់ គ្រោះថ្នាក់នៃគ្រឿងញៀននេះ ដល់លោកគ្រូ អ្នកគ្រូ ដែលមកពីសាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ ទូទាំងស្រុកមង្គលបូរីនេះ គឺមានគោលបំណងឲ្យលោកគ្រូ អ្នកគ្រូ ទាំងអស់ យកទៅផ្សព្វផ្សាយដល់សិស្សានុសិស្ស តាមសាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ ទាំងអស់ក្នុងស្រុកមង្គលបូរី ឲ្យបានជ្រួតជ្រាប ពីផលប៉ះពាល់ និងគ្រោះថ្នាក់ ដោយសារប្រើប្រាស់គ្រឿងញៀន ព្រមទាំងឲ្យយល់ច្បាស់ពីច្បាប់ជួញដូរ រក្សាទុក និងចែកចាយគ្រឿងញៀន ជាអំពើខុសច្បាប់ផងដែរ។
លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានបន្តទៀតថា សុំឲ្យលោកគ្រូ អ្នកគ្រូ ទាំងអស់យកចិត្តទុកដាក់ និងជួយធ្វើការអប់រំផ្សព្វផ្សាយបន្តដល់សិស្សានុសិស្ស នៅតាមសាលារៀងៗខ្លួនផងដែរ។