កំពង់ស្ពឺៈ អនុវត្តតាម ការណែនាំ របស់ លោកឧត្តមសេនីយ៏ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកឱរ៉ាល់ និងភ្នំស្រួច បានធ្វើការបង្ក្រាបបទល្មើសព្រៃឈើ បានចំនួន០២លើក រួមទាំងឃាត់ខ្លួន បានជនសង្ស័យចំនួន០២នាក់បន្ថែមទៀត។
មន្ត្រីជំនាញ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានឱ្យដឹងថា លើកទី១ កម្លាំងកងរាជអាវុធហត្ថ បានធ្វើការបង្ក្រាបនៅរសៀល ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៧ ដោយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឱរ៉ាល់ ដឹកនាំដោយ លោកវរសេនីយ៍ទោ សោម ពុទ្ធតារា មេបញ្ជាការ ស្រុក បានសហការ ជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើការបង្ក្រាបស្ថិតនៅចំណុចភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ និងធ្វើការចាប់យកឈើម្រេញ ចំនួន៤២ ដុំជ្រុង ស្មើនឹង១៣,៣៧ម៉ែត្រគូប។
និងលើកទី២ ធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៧ ដោយចាប់បានឈើប្រភេទម្រេញ ចំនួន០៤ដុំ រួមទាំងរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ចំណុះ២តោន ពណ៏ខៀវ ពាក់ស្លាកលេខភ្នំ3B6508 និងជនសង្ស័យចំនួន០២នាក់ រួមមានឈ្មោះ
១- ជា ពិសិដ្ឋ ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិអណ្តូងខ្លឹង ឃុំមហាសាំង ស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ
២- សុត ផា ភេទប្រុស អាយុ២៦ ឆ្នាំរស់ភូមិឃុំជាមួយគ្នា ។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញ កងរាជអាវុធហត្ថ បានកងសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី។