You are currently viewing មន្ត្រីកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ចុះជួយសាងសង់ផ្ទះ០១ខ្នង ជូនដល់មន្ត្រីអាវុធហត្ថដែលចូលនិវត្តន៍

មន្ត្រីកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ចុះជួយសាងសង់ផ្ទះ០១ខ្នង ជូនដល់មន្ត្រីអាវុធហត្ថដែលចូលនិវត្តន៍

បន្ទាយមានជ័យៈ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៧ លោកវរសេនីយ៍ឯក បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ អមដំណើរដោយលោកមេបញ្ជាការង នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថជាច្រើនរូប បានចុះជួយសាងសង់ផ្ទះ០១ខ្នង ជូនដល់មន្ត្រីអាវុធហត្ថដែលចូលនិវត្តន៍ម្នាក់ មានឈ្មោះ ឃឹម ប៊ុនធឿន ភេទប្រុស អាយុ៥៤ឆ្នាំ ប្រពន្ធឈ្មោះ អាន សុផល អាយុ៤៤ឆ្នាំ ដែលមានទំហំ០៥ម៉ែត្រx០៧ម៉ែត្រ ចំណាយថវិកាអស់ប្រមាណជាង៤០០០ដុល្លា ស្ថិតក្នុងភូមិទំនប់គៀប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ក្នុងនោះដែរ លោកវរសេនីយ៍ឯក បោន ប៊ិន បានមានប្រសាសន៍ថា ក្នុងនាម ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តម តែងតែណែនាំដល់ថ្នាក់ដឹកនាំអាវុធហត្ថទូទាំងប្រទេស ត្រូវយកចិត្តទុកដាក់រួមសុខរួមទុក្ខ និងចុះជួយដល់គ្រួសារអាវុធហត្ថ និងអាវុធហត្ថដែលចូលនិវត្តន៍ហើយជួបកាលំបាក ក៏ដូចប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដែលជួបការលំបាក ត្រូវតែចូលរួមចំណែកជួយដល់ពួកគាត់ដោយមិនប្រកាន់និន្នាការនយោបាយណាឡើយ។

លោកមេបញ្ជាការមានប្រសាសន៍បន្តទៀតថា គ្រប់កាល:ទេស:អង្គភាពអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅតែបន្តការចូលរួមចំណែកក្នុងការចុះជួយដល់គ្រួសារអាវុធហត្ថ ក៏ដូចប្រជាពលរដ្ឋជួបការលំបាកនៅតាមមូលដ្ឋាន និងការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ជូនពួកគាត់ ក៏ដូចប្រជាពលរដ្ឋក្នុងខេត្តទាំងមូលផងដែរ។

ឆ្លៀតក្នុងឱកាសនោះផងដែរលោកវរសេនីយ៍ឯក បោន ប៊ិន និងប្រតិភូអមដំណើរបានយកថវិកាចំនួន៤០០.០០០៛(សែសិបម៉ឺនរៀល)ចូលរួមរំលែកទុក្ខដល់គ្រួសារសពកុមាររងគ្រោះឈ្មោះ សុខ សុបិន្ត ភេទប្រុស អាយុ១១ឆ្នាំ ដែលលង់ទឹកស្លាប់កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង១៣និង១០នាទី ម្សិលមិញនេះ ក្នុងខណ:ពេលកុមាររងគ្រោះទៅមើលស្រែជាមួយមីងមា ហើយចុះលេងទឹកប្រឡាយទំនប់គាប ស្ថិតក្នុងភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ឪពុកកុមាររងគ្រោះឈ្មោះ សុខ កិច្ច អាយុ៥២ឆ្នាំ ម្ដាយឈ្មោះ ហ៊ុន ទូច អាយុ៤៦ឆ្នាំ រស់នៅភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។