រតនគិរីៈ នៅវេលាម៉ោង២០ និង៣០នាទីយប់ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៧ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអូយ៉ាដាវ សហការជាមួយកម្លាំងចម្រុះ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ស្ថិតនៅចំណុចភូមិប៉ក់ញ៉ៃ ឃុំប៉ក់ញ៉ៃ ស្រុកអូយ៉ាដាវ ខេត្តរតនគិរី មានជាប់ពាក់ព័ន្ធជាមួយករណីក្លែងបន្លំឯកសណ្ឋាន និងដឹកជញ្ជូនឈើដោយខុសច្បាប់។
តាមការឱ្យដឹងពីមន្ត្រីជំនាញកងរាជអាវុធហត្ថ បានឱ្យដឹងថា ជនសង្ស័យ ដែលត្រូវបាន កម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះមានឈ្មោះ តាំង គីមលាង ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិប៉ក់ញ៉ៃ ឃុំប៉ក់ញ៉ៃ ស្រុកអូយ៉ាដាវ ខេត្តរតនគិរី។
មន្ត្រីដដែល បានបន្តឱ្យដឹងទៀតថា ក្នុងការឃាត់ខ្លួនជនសង្ស័យខាងលើនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យកនូវវត្ថុតាងមួយចំនួន ពីជនសង្ស័យរួមមាន រថយន្តចំនួន០១គ្រឿង ម៉ាកកាម៉េរី ពណ៌ស ពាក់ស្លាកលេខខេមរភូមិន្ទ ក្លែងក្លាយ និងឈើប្រណិតពេញរថយន្ត។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្ត តាមនីតិវិធី។