ភ្នំពេញៈ នៅព្រឹកទី២៥ ខែកញ្ញា ឆ្នាំ២០១៧ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជា មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បាននាំយកថវិការបស់មូលនិធិ មហាគ្រួសារ កងរាជអាវុធហត្ថ ទៅជូនគ្រួសារសព លោកអនុសេនីយ៍ទោ នួន វិទ្យា ជំនួយការ ការិយាល័យ ភស្តុភារ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលបានទទួល មរណភាព កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៧ ក្នុងជន្មាយុ៤៣ឆ្នាំ ដោយរោគគារពាធ ស្ថិតនៅសង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ថវិកាមូលនិធិដែលត្រូវបានយកទៅនេះ មានចំនួនប្រមាណជិត៥០លានរៀល ដែលបានមកពីការបរិច្ចាកដោយស្ម័គ្រចិត្ត របស់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដែលជានាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថទាំងអស់ ដែលបានចូលរួមបរិច្ចាកថវិកាផ្ទាល់ខ្លួន ក្នុងនោះដែរ ថវិកា ចំនួន៥លានរៀល គឺជាថវិកាផ្ទាល់ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ដែល ឯកឧត្តម តែងតែបរិច្ចាក ចូលរួមរំលែកទុក្ខ ដល់គ្រួសារសព របស់មន្ត្រីកងរាជអាវុធហត្ថ ទាំងអស់ ដែលបានទទួលមរណភាព ចាប់តាំងពីឆ្នាំ២០១០ រហូតមកដល់ពេលបច្ចុប្បន្ន។
ក្នុងឱកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏បានពាំនាំនូវការសួរសុខទុក្ខ និងការចូលរួមរំលែកទុក្ខពីចម្ងាយ ពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា និងបានផ្តាំផ្ញើដល់ក្រុមគ្រួសារសព ត្រូវបន្តខិតខំថែរក្សាក្រុមគ្រួសារអោយបានល្អ បើទោះបីជាការបាត់បង់ លោកអនុសេនីយ៍ទោ នួន វិទ្យា ដែលជា ឱពុកដ៍ល្អ ប្តីដ៏ល្អ បងដ៏ល្អ សំរាប់ក្រុមគ្រួសារ យ៉ាងណាក៏ដោយ ក៏ប៉ុន្តែត្រូវបន្តកម្លាំងចិត្តដើរទៅមុខ ដើរទៅលើផ្លូវមួយដែលល្អ និងត្រឹមត្រូវ ដើម្បីអនាគតក្រុមគ្រួសារទាំងមូល។