You are currently viewing បុរសជនជាតិឥណ្ឌូនេស៊ីម្នាក់ ត្រូវបានឃាត់ខ្លួន មានជាប់ពាក់ព័ន្ធជាមួយសារធាតុញៀន

បុរសជនជាតិឥណ្ឌូនេស៊ីម្នាក់ ត្រូវបានឃាត់ខ្លួន មានជាប់ពាក់ព័ន្ធជាមួយសារធាតុញៀន

ស្វាយរៀង៖ នៅវេលាម៉ោង០០ និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ កម្លាំងមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តស្វាយរៀង សហការជាមួយ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងបាវិត ធ្វើការឃាត់ខ្លូនជនសង្ស័យម្នាក់ ជាជនជាតិឥណ្ឌូនេស៊ី ស្ថិតនៅចំណុចភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង មានជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន។

តាមការឱ្យដឹងពីមន្ត្រីកងរាជអាវុធហត្ថខេត្តស្វាយរៀង បានឱ្យដឹងថា ជនសង្ស័យដែលត្រូវបានកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននោះមានឈ្មោះ ប៊ូឌី ស៊ូបាក់ទី ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី មានទីលំនៅភូមិបាវិតកណ្ដាល សង្កាត់បាវិតក្រុងបាវិត ខេត្តស្វាយរៀង។

ក្នុងនោះដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យកនូវវត្ថុតាងមួយចំនួនពីជនសង្ស័យរូមមាន៖
១. ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន ០៣កញ្ចប់
២- ថ្នាំញៀនប្រភេទមេតំហ្វេតាមីនគ្រាប់ ចំនួន ៣២ គ្រាប់
៣- ជញ្ជីងចំនួន ០១គ្រឿង និងសម្ភារៈសម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន។

ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី។