កំពង់ស្ពឺៈ នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបើកកិច្ចប្រជុំឆ្លងរបាយការណ៍ ការអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថ រយៈពេល០៩ខែ ឆ្មាំ២០១៧ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងដោយមានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មូលដ្ឋានក្រុង-ស្រុក ស្នាក់ការសន្តិសុខ និងនាយ នាយរងកងរាជអាវុធហត្ថ សរុបចំនួន៦៥នាក់។
លោក ឧត្តមសេនីយ៍ត្រី ជូ សារុន បានមានប្រសាសន៍ក្នុងកិច្ចប្រជុំនោះថា កងរាជអាវុធហត្ថត្រូវ បន្តបង្ក្រាបបទល្មើសធនធានធម្មជាតិ អប់រំពលរដ្ឋអំពីបញ្ហាគ្រឿងញៀន និងក្រុមជនទំនើង។
លោកឧត្តមសេនីយ៍ត្រី ជូ សារុន បានបន្តទៀតថា កម្លាំងត្រូវតែបន្តស្រាវជ្រាវឲ្យសកម្ម រាល់មុខសញ្ញាចោរលួច ចក់ ប្លន់ ប្រើប្រាស់អាវុធខុសច្បាប់។ល។
ត្រូវបន្តពង្រឹងការអនុវត្តច្បាប់ ទប់ស្កាត់ឲ្យបានការបំផ្លាញធនធានធម្មជាតិ បង្ក្រាបរាល់ចលនាបង្កចលាចលក្នុងសង្គមតាមគ្រប់រូបភាពដែលបង្ករដល់អសន្តិសុខសង្គមជាតិ ។
លោកឧត្តមសេនីយ៍ត្រី បានបញ្ជាក់ទៀតថា ទន្ទឹមគ្នានិងកិច្ចការ បង្ការ បង្ក្រាប សង្គ្រោះ កម្លាំងកងរាជអាវុធហត្ថទាំងអស់ ក្នុងនាមជាយោធាច្បាប់ ត្រូវតែចាត់តាំងឲ្យមានការរៀនសូត្រ ពង្រឹងការងារអនុវត្តច្បាប់ គោរពវិន័យ ត្រួតពិនិត្យសុខភាពអនាម័យ និងជាពិសេសយកចិត្តទុកដាក់ចំពោះ ដល់សមាជិកដែលកំពុងជួបការលំបាក រួមទាំងអ្នកមានជំងឺនៃគ្រួសារកងរាជអាវុធហត្ថទាំងអស់ឲ្យបានជាប្រចាំ ។