ព្រៃវែងៈ មុខសញ្ញាចែកចាយគ្រឿងញៀនម្នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែង សហការជាមួយ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកពាមរក៏ បានធ្វើការឃាត់ខ្លួន នៅវេលាម៉ោង២៣ និង៥០នាទីយប់ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិអ្នកលឿង ឃុំអ្នកលឿង ស្រុកពាមរក៏ ខេត្តព្រៃវែង ។
តាមការឱ្យដឹងពីមន្ត្រីកងរាជអាវុធហត្ថខេត្តព្រៃវែង បានឱ្យដឹងថា ជនសង្ស័យ ដែលត្រូវបាន កម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះមានឈ្មោះ រស់ សារុន ភេទប្រុស អាយុ៣០ឆ្នាំ ទីលំនៅភូមិព្រែកទន្លាប់ ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្ដាល។
មន្ត្រីដដែល បានបន្តឱ្យដឹងទៀតថា ក្នុងការឃាត់ខ្លួនជនសង្ស័យខាងលើនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យកនូវវត្ថុតាងមួយចំនួន ពីជនសង្ស័យរួមមានៈ
១. ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន០២កញ្ចប់ ដែលមានទម្ងន់ ០.២៩ក្រាម
២. ម៉ូតូចំនួន០១គ្រឿង
៣. ទូរស័ព្ទដៃ ចំនួន០៣គ្រឿង និងពូថៅចំនួន០១ដើម។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្ត តាមនីតិវិធី។