ព្រឹកថ្ងៃនេះ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំត្រួតពិនិត្យតួនាទី ភារកិច្ច ការងាររបស់ខ្លួន រយៈពេល០៩ខែកន្លងទៅ ក្នុងឆ្នាំ២០១៧
ភ្នំពេញៈ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំត្រួតពិនិត្យតួនាទី ភារកិច្ច ការងារកងរាជអាវុធហត្ថរយៈពេល០៩ខែ និងដាក់ចេញទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០១៧ នៅសាលប្រជុំ សេនាធិការដ្ឋាន នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧។ ក្នុងកិច្ចប្រជុំនោះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ លោកស្រី វរសេនីយ៍ឯក មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តម ឧត្តមសេនីយ៍ នាយរងសេនាធិការដ្ឋាន ស្នងការ មេបញ្ជាការកងរាជអាវុធហត្ថរាជធានី ខេត្ត និងលោក លោកស្រី ជានាយទាហាននៃកងរាជអាវុធហត្ថចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសជាច្រើនរូបផងដែរ។
នាពេលនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក វង្ស ពិសេន មេបញ្ជាការរងនិងជានាយសេនាធិការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឡើងអានរបាយការណ៍ជូនអង្គប្រជុំជ្រាបថា ការអនុវត្តតួនាទី ភារកិច្ចកងរាជអាវុធហត្ថមានជាអាទិ៍៖
១-ការងារការពារសន្តិសុខ និងសណ្តាប់ធ្នាប់ បានការពារគណៈប្រតិភូជាតិ អន្តរជាតិ កិច្ចប្រជុំ ពិធីសម្ពោធសមិទ្ធផលនានារបស់ព្រះមហាក្សត្រ រាជរដ្ឋាភិបាល និងពិធីបុណ្យផ្សេងៗ ធ្វើសកម្មភាពសរុប៩៥.៩៥២លើក។ បានជួយសម្រួលសណ្តាប់ធ្នាប់របៀបរៀបរយចរាចរណ៍កកស្ទះ ជូនប្រជាពលរដ្ឋនិងការដង្ហែក្បួនទាមទារតវ៉ាផ្សេងៗសរុប៨.៨៤៧លើក។
បានធ្វើការត្រួតពិនិត្យសណ្តាប់ធ្នាប់កងទ័ពនៅតាមទីសាធារណៈ លទ្ធផល៖ ត្រួតពិនិត្យអាវុធឆ្លងកាត់៣២ដើម (ដកហូតអាវុធច្នៃ០១ដើម គ្រាប់AKចំនួន២៤គ្រាប់ ស្លាកលេខខ.ម០១ស្លាក) បានកែសម្រួល ឯកសណ្ឋានយោធាសរុបចំនួន១៥៦នាក់ (យោធិន៥៩នាក់ ជនស៊ីវិល៩៧នាក់) ដកហូតខោអាវ៨៦សម្រាប់ មួក៤៥ ឡូហ្គោ០២ និងបកស្គុតខ្មៅលើកញ្ចក់រថយន្ត បានចំនួន៧១គ្រឿង។
២-ការស្រាវជ្រាវបង្រ្កាបបទល្មើស បានធ្វើការស្រាវជ្រាវនិងបង្ក្រាបបទល្មើសចំនួន២.០៨៩លើក ក្នុងនោះមាន៖ -ប្លន់ប្រដាប់អាវុធបង្រ្កាបបាន៣៨លើក -ឃាតកម្មបង្ក្រាបបាន៤២លើក -រំលោភសេពសន្ថវៈបង្រ្កាបបាន៣៩លើក -ជួញដូរមនុស្សបង្រ្កាបបាន០៦លើក -ចាប់ជំរិតបង្ក្រាបបាន០២លើក -លួចបង្រ្កាបបាន១៣១លើក -ឆក់បង្រ្កាបបាន២៧លើក -ហិង្សាដោយចេតនាបង្រ្កាបបាន១៥២លើក -ប្រើប្រាស់និងរក្សាអាវុធគ្មានការអនុញ្ញាតបង្រ្កាបបាន២១លើក -ការជួញដូរចែកចាយគ្រឿងញៀនបង្រ្កាបបាន៨៨២លើក -ការប្រើប្រាស់គ្រឿងញៀនបង្រ្កាបបាន២៦០លើក -បទល្មើសព្រៃឈើបង្រ្កាបបាន១១១លើក -បទល្មើសជលផលបង្រ្កាបបាន២៥លើក និងបទល្មើសធនធានរ៉ែបង្រ្កាបបាន០២លើក។ បានឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធនឹងបទល្មើសចំនួន ៣.៣៧៨នាក់ និងវត្ថុតាងចាប់យកមួយចំនួនបញ្ជូនទៅតុលាការ។
៣-ការងារសង្គ្រោះ បានធ្វើការជួយប្រជាពលរដ្ឋរងគ្រោះថ្នាក់ចរាចរណ៍ចំនួន១.០៧២លើក អគ្គិភ័យ៣៤១លើក និងករណីផ្សេងៗចំនួន ៣.៣៦៨លើក ដឹកជញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យ ចំនួន១.០៩៧នាក់។ ៤-ការសហការពង្រឹងអនុវត្តច្បាប់ និងបទបញ្ជា បានធ្វើសកម្មភាពសហការជាមួយនគរបាលជាតិ ៣.២៨៣លើក -ស្ថាប័នពន្ធដារ, គយនិងរដ្ឋាករ ១.៥៨៤លើក -រដ្ឋបាលព្រៃឈើអង្គការអភិរក្សសត្វព្រៃ និងអភិរក្សដែនជីវៈចម្រុះ៣.៦១៦លើក -ក្រសួងសាធារណៈការនិងដឹកជញ្ជូន៨៣១លើក -ក្រសួងរ៉ែថាមពល១៣លើក -ក្រសួងបរិស្ថាន១៤លើក -ក្រសួងកសិកម្ម០៧លើក -ក្រសួងដែនដីនគររូបនីយកម្មនិងសំណង់២៧លើក -រដ្ឋបាលជលផល១៦៩លើក -ក្រុមចម្រុះ៦៨៣លើក -អាជ្ញាធរអប្សរា៣១លើក និងកាំកុងត្រូល០២លើក។
បានសហការបង្រ្កាបបទល្មើសធនធានធម្មជាតិ ដោយអនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលលេខ១២៧សសរ/២០១៦ ស្តីពីការបង្កើតគណៈកម្មការជាតិទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិមានជាអាទិ៍៖ -បទល្មើសព្រៃឈើ ការប្រមូលដឹកជញ្ជូន សន្និធិផល អនុផលព្រៃឈើដោយគ្មានការអនុញ្ញាត ឃាត់ខ្លួនជនសង្ស័យចំនួន២៤១នាក់ ឃុំខ្លួនចំនួន៣៧នាក់ អប់រំចំនួន២០៤នាក់ បានចាប់យកយានយន្តគ្រប់ប្រភេទ និងឈើចម្រុះរួមមាន ៖ រថយន្ត២០៨គ្រឿង គោយន្ត៥០គ្រឿង ត្រាក់ទ័រ០៤គ្រឿង រណារយន្ត៣៥គ្រឿង ទោចក្រយានយន្ត៣៣គ្រឿង ម៉ាស៊ីនជ្រៀកឈើ០៧គ្រឿង កាំភ្លើងច្នៃ០៣ដើម ឈើគ្រញូង២.២១៨គ.ក្រ ឈើគ្រប់ប្រភេទ ចំនួន៣.៥៦៩,៦០៣ម៣ និង៤.៦៦៨ដុំ។
-បទល្មើសធនធានរ៉ែ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន១២នាក់ ឃុំខ្លួនចំនួន០៣នាក់ អប់រំចំនួន០៩នាក់ ជាមួយគ្នានោះដែរ បានចាប់យកយានយន្តគ្រប់ប្រភេទមាន៖ គ្រឿងចក្រ០៨គ្រឿង រថយន្ត០៧គ្រឿង។ -ការកាប់រានទន្រ្ទានដីរដ្ឋដោយខុសច្បាប់ឃាត់ខ្លួនជនសង្ស័យចំនួន២៧នាក់ ដោយធ្វើការអប់រំ។ ចាប់យកយានយន្តគ្រប់ប្រភេទមាន៖ គ្រឿងចក្រ១១គ្រឿង និងរណារយន្ត០៧គ្រឿង។
កងរាជអាវុធហត្ថ បានផ្តោតសំខាន់ទៅលើការងារ គោលនយោបាយ ដោយយកចិត្តដាក់ទៅលើ នាយហាន នាយទាហានរង នៃកងរាជអាវុធហត្ថ ទាំងការហូបចុក ស្នាក់នៅ ជាពិសេសទៅលើផ្នែក មូលនិធិ មហាគ្រួសារ កងរាជអាវុធហត្ថ ដែលបានចូលរួមចំណែក យ៉ាងសំខាន់ ក្នុងការជួយសំរួលទៅលើជីវភាព របស់បងប្អូនកងរាជអាវុធហត្ថ នៅពេលដែលជួបទុក្ខលំបាក។
ទន្ទឹមនឹងនោះដែរ កងរាជអាវុធហត្ថបានធ្វើការអប់រំចិត្តសាស្ត្រនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថ ឱ្យយល់ជ្រួតជ្រាបពីសភាពការណ៍ វិវត្តន៍ និងសភាពការណ៍ថ្មីៗដែលកើតមានឡើង យល់ច្បាស់ពីតួនាទី ភារកិច្ច បទបញ្ជា ក្រមសីលធម៌ បទវិន័យទូទៅរបស់កងយោធពលខេមរភូមិន្ទ។ល។ បានបើកនិងបិទវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលបំប៉នចំនួន៤៦វគ្គ=៣.៣៧៧នាក់។
លើសពីនេះទៀត បានចាត់បញ្ជូននាយទាហាននិងនាយទាហានរងនៃកងរាជអាវុធហត្ថទៅសិក្សា សិក្ខាសាលាក្នុងនិងក្រៅប្រទេសចំនួន៥០វគ្គ ស្មើនឹង៤៧៣នាក់ក្នុងនោះ៖ សិក្សានិងសិក្ខាសាលាក្នុងប្រទេស៣៣វគ្គ=៣៤៤នាក់។
សិក្សាសិក្ខាសាលាក្រៅប្រទេស១៧វគ្គ=១២៩នាក់។ល។
ទន្ទឹមនឹងនោះដែរ កងរាជអាវុធហត្ថ បានចូលរួមចំណែកក្នុងកិច្ចការសង្គមជាច្រើន ដូចជាការចូលរួមជួយកសាងផ្ទះជូនប្រជាពលរដ្ឋក្រីក្រ ការកសាងវត្តអារាម សាលារៀន ជាច្រើននៅតាមបណ្តារាជធានី ខេត្ត និងការងារកសាងហេដ្ឋារចនាសម្ពន្ធ កងរាជអាវុធហត្ថបានសាងសង់សំណង់បន្ទាយជំរំជម្រកចាប់ពី បញ្ជាការដ្ឋានលើផ្ទៃប្រទេស រហូតដល់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។