កំពង់ស្ពឺៈ ដោយទទួលបានបទបញ្ជាពី ឯកឧត្តម ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅវេលាម៉ោង០៩ និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សហការជាមួយកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងច្បារមន និងដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានធ្វើការបង្ក្រាបករណីរក្សាទុក និងចែកចាយនូវសារធាតុញៀនចំនួន០១លើក ស្ថិតនៅចំណុចភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដោយឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់។
នេះបើតាមការឱ្យដឹងពី លោកឧត្តមសេនីយ៍ត្រី ជូន សារុន បានឱ្យដឹងថា ជនសង្ស័យ ដែលត្រូវបាន កម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះរួមមានឈ្មោះ ៈ
១. យី សំបូរ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ (ជាមេចែកចាយគ្រឿងញៀន)
២. នូន សារិទ្ធឌី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ (ជាអ្នកដើរចែកចាយ)
៣. កែម សារិទ្ធ ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរប្រធានរដ្ឋបាល មន្ទីរផែនការ ខេត្តកំពង់ស្ពឺ មានទីលំនៅភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ (ជាឪពុកជនសង្ស័យ)
៤. ម៉ាក់ សុម៉ាលី ភេទស្រី អាយុ ២៦ឆ្នាំមុខរបរលក់ដូរ មានទីលំនៅភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ (ជាប្រពន្ធ របស់មេចែកចាយឈ្មោះ យី សំបូរ)។
មន្ត្រីដដែល បានបន្តឱ្យដឹងទៀតថា ក្នុងការឃាត់ខ្លួនជនសង្ស័យខាងលើនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យកនូវវត្ថុតាងមួយចំនួន ពីជនសង្ស័យរួមមានៈ
១. ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន០២កញ្ចប់ធំ ដែលមានទម្ងន់ ២០៤.៣៥ក្រាម
២. ជញ្ជីងថ្លឹងថ្នាំ ចំនួន០១គ្រឿង
៣. កាំភ្លើងខ្លី ចំនួន០១ដើម ម៉ាកBERETTA (បាញ់គ្រាប់ជ័រ)
៤. គ្រាប់ជ័រ១០០គ្រាប់
៥. ម៉ូតូចំនួន០២ គ្រឿង និងដប់ថ្នាំសំរាប់ជក់០១ ។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្ត តាមនីតិវិធី។