កំពង់ស្ពឺៈ នៅវេលាម៉ោង១៤ និង០០នាទីរសៀល ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកសំរោងទង និងដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានធ្វើការបង្ក្រាបករណីរក្សាទុក និងចែកចាយនូវសារធាតុញៀនចំនួន០១លើក ស្ថិតនៅចំណុចភូមិអង្គមេត្រី ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយធ្វើការឃាត់ខ្លួនបានជនសង្ស័យជាអ្នកចែកចាយគ្រឿងញៀនម្នាក់។
នេះបើតាមការឱ្យដឹងពី មន្ត្រីកងរាជអាវុធហត្ថ បានឱ្យដឹងថា ជនសង្ស័យ ដែលត្រូវបាន កម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះមានឈ្មោះ ឆាំ សំអុលភេទ ប្រុស អាយុ 28ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិអង្គមេត្រី ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
មន្ត្រីដដែល បានបន្តឱ្យដឹងទៀតថា ក្នុងការឃាត់ខ្លួនជនសង្ស័យខាងលើនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យកនូវវត្ថុតាងមួយចំនួន ពីជនសង្ស័យរួមមានៈ
១. ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន១៤កញ្ចប់ធំ ដែលមានទម្ងន់ ១០.១៥ក្រាម
២. ទូរស័ព្ទដៃ ចំនួន០២គ្រឿង
៣. ប្រាក់ខ្មែរ ចំនួន២៥.០០០រៀល
៤. ថង់ច្រកថ្នាំ ចំនួន១៥០ថង់ និងដបចំនួន០១។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្ត តាមនីតិវិធី។