ពោធិ៍សាត់ៈ នៅវេលាម៉ោង១៧ និង០០នាទីល្ងាច ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកវាលវែង និងដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានធ្វើការបង្ក្រាបករណីលាក់ទុកផល អនុផលព្រៃឈើដោយខុសច្បាប់ចំនួន០១លើក ស្ថិតនៅចំណុចភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
នេះបើតាមការឱ្យដឹងពី មន្ត្រីកងរាជអាវុធហត្ថជំនាញ បានឱ្យដឹងថា កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកវាលវែង បានធ្វើការឆែកឆេរលំនៅដ្ឋាននៅចំណុចខាងលើ ដែលមានម្ចាស់ផ្ទះឈ្មោះ ហុល ស្រី ភេទស្រី អាយុ៤៦ឆ្នាំ។
មន្ត្រីដដែល បានបន្តឱ្យដឹងទៀតថា ក្នុងប្រតិបត្តិការឆែកឆេរខាងលើនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការរកឃើញនូវវត្ថុតាងមួយចំនួនរួមមាន ឈើប្រណិតប្រភេទធ្នង់ ចំនួន៣២៨កំណាត់ ស្មើនិង ៤៧២៨ គីឡូក្រាម ស្មើនិង ៣,៦៣៦ ម៉ែត្រគូប។
វត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្ត តាមនីតិវិធី។