ទស្សនៈខាងលើនេះ ជាទស្សនៈរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានលើកឡើងក្នុងពិធីប្រកាសមុខងារតាមបណ្តាខេត្តកន្លងទៅ។ ឯកឧត្តម នាយឧត្តមសេនីយ៍ បានមានប្រសាសន៍ថា បទពិសោធន៍ក្នុងការអនុវត្តការងារ តាមទស្សនៈរបស់ខ្ញុំផ្ទាល់ ចាត់ទុកឧបសគ្គ គឺជាសាលារៀន ចាត់ទុកការលំបាកជាឱកាស។
កាលណាយើងជួបរឿងបរាជ័យម្តង យើងបានបំបាត់ភាពល្ងង់ខ្លៅរបស់យើងបានមួយ។ ខ្ញុំខ្លាចបំផុតមិនមែនខ្លាច ឬរួញរាឧបសគ្គទេ មិនមែនខ្លាច ឬរួញរាការលំបាកទេ គឺខ្ញុំខ្លាចតែ៣ចំណុច៖ ទី១-ខ្លាចគ្មានឆន្ទៈ។ ទី២-ខ្លាចភាពខ្ជិលច្រអូស មិនតស៊ូ ខ្វះភាពព្យាយាម និងអំណត់អត់ធ្មត់ ការងារដែលលំបាកស្មុគស្មាញត្រូវការពេលវេលាយូរ ទាមទារឱ្យយើងមានការអត់ធ្មត់ តស៊ូ ឧស្សាហ៍ព្យាយាម បើមិនដូច្នេះទេ ការងារនោះបរាជ័យភ្លាម។ ទី៣-ខ្លាចគ្មានសេចក្តីក្លាហាន កិច្ចការងារណាក៏ដោយបើគ្មានការចាប់ផ្តើម គ្មានទីបញ្ចប់ទេ កិច្ចការងារណាក៏ដោយបើយើងធ្វើហើយគ្មានប្រយោជន៍ គឺគ្មានការចូលរួមទេ។ គ្មានការងារណាដែលយើងធ្វើមិនបានទេ ប្រសិនបើយើងមានឆន្ទៈ មានការតស៊ូ ឧស្សាហ៍ព្យាយាម និងមានសេចក្តីក្លាហាន។
ជាការពិត មនុស្សម្នាក់ៗតែងតែមានសេចក្តីប្រាថ្នាចង់បានការរស់នៅទទួលបានសុខសប្បាយ សុភមង្គលក្នុងគ្រួសារ មានមុខរបរការងារល្អ មានទ្រព្យសម្បត្តិស្តុកស្តម្ភ មានកិត្តិយសក្នុងសង្គមជាតិ។ល។ ប៉ុន្តែសេចក្តីប្រាថ្នានេះ មិនបានដូចបំណងគ្រប់ៗគ្នាទេ មកពីគំនិត ចំណេះដឹង ទង្វើរបស់យើងទាំងផ្លូវកាយ និងផ្លូវចិត្ត។ ខ្ញុំបាទសូមគាំទ្រទស្សនៈខាងលើ ព្រោះកាលណា យើងធ្វើកិច្ចការងារណាមួយ អាចជួបឧបសគ្គ ការលំបាកតិច ឬច្រើន ទាល់តែយើងយកចិត្តទុកដាក់ធ្វើកិច្ចការងារនោះ ដោយខិតខំប្រឹងប្រែងប្រយ័ត្នប្រយែង តស៊ូគ្រប់ឧបសគ្គ គ្រប់ការលំបាក យកឆន្ទៈរៀបចំ ចាត់ចែង អនុវត្ត ត្រួតពិនិត្យ វាយតម្លៃការងាររបស់ខ្លួន ដោយសេចក្តីក្លាហាន ស្មោះត្រង់ ប្រកបដោយសីលធម៌ល្អ គោរពច្បាប់ ទំនៀមទម្លាប់ប្រពៃណីជាតិ។ល។ ការងារណាដែលងាយស្រួល អ្នកណាធ្វើក៏បាន គឺមិនសូវមានតម្លៃទេ ការងារដែលគេធ្វើមិនបានសម្រេច ហើយយើងធ្វើបានសម្រេច ទើបមានតម្លៃ តម្លៃរបស់កាងារ គឺស្ថិតនៅត្រង់ហ្នឹង។
(អត្ថបទ ឧ.អេង ហីុ)