ត្បូងឃ្មុំ : ព្រឹកថ្ងែទី០៣ ខែតុលា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថរយ:ពេល០៩ខែ និងលើកទិសដៅការងារ ត្រីមាសទី៤ ឆ្នាំ២០១៧ និងផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីការប្រគល់ភារកិច្ចជួយមេបញ្ជាការតាមផែន-ជំនាញនីមួយៗ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ្ត និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋាន ក្រុង ស្រុក ស្នាក់ការសន្តិិសុខ និងមេបញ្ជាការ គ ចល័ត ព្រមទាំងនាយទាហាន នាយទាហានរងចំណុះកងរាជអាវុធហត្ថខេត្ត ជាច្រើនរូបទៀតផងដែរ។
ក្នុងកិច្ចប្រជុំនោះដែរ លោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ បានមានប្រសាសន៍ផ្តាំផ្ញើ ណែនាំ និងតម្រង់ទិសដល់នាយទាហាន នាយទាហានរង កងរាជអាវុធហត្ថខេត្តទាំងអស់ ត្រូវខិតខំក្នុងការបំពេញតួនាទីភារកិច្ច ពង្រឹងបន្ថែមលើការងារក្តាប់សភាពការណ៍ក្នុងភូមិសាស្រ្តរបស់ខ្លួនអោយបានជាប់ជាប្រចាំ ត្រៀមកម្លាំងការពារសន្តិសុខ សណ្តាប់ធ្នាប់ ជួយសង្គ្រោះប្រជាពលរដ្ឋនៅពេលមានគ្រោះមហន្តរាយកើតឡើង និងបង្ក្រាបអោយបាន នូវរាល់បទល្មើស ជាពិសេសបទល្មើសគ្រឿងញៀន និងធនធានធម្មជាតិ ហើយត្រូវអនុវត្តន៍អោយបាន នូវផែនការដែលថ្នាក់លើប្រគល់ជូន។