បន្ទាយមានជ័យៈ នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានទទួលស្វាគមន៍ប្រតិភូអគ្គព្រះរាជអាជ្ញារង នៃមហាអយ្យការអមសាលាឧទ្ធរណ៍ ដឹកនាំដោយ ឯកឧត្ដម សុិន រិទ្ធ និងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោក មាស ច័ន្ទពិសិដ្ឋ អញ្ជើញមកប្រជុំមន្រ្តីនគរបាលយុត្តិធម៌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងពិនិត្យ បញ្ជីទទួលបណ្ដឹង បញ្ជីឃាត់ខ្លួន ទីកន្លែងឃាត់ខ្លួន នៅតាមការិយាល័យជំនាញចំណុះឲ្យបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមដោយ លោកមេបញ្ជាការរង នាយសេនាធិការ លោកមេបញ្ជាការរង ទទួលយុត្តិធម៌ លោកមេបញ្ជាការរងទទួលបទល្មើសគ្រឿងញៀន លោកមេបញ្ជាការរងទទួលផែនព័ត៌មាន សន្តិសុខ លោកប្រធានមន្ទីរយុត្តិធម៌ លោកប្រធានមន្ទីរបច្ចេកទេសសន្តិសុខ លោកនាយការិយាល័យចំណុះមន្ទីរទាំងពីរ និងលោកមេបញ្ជាការ មេបញ្ជាការរងមូលដ្ឋាន ក្រុង ស្រុក និងប្រធានស្នាក់ការសន្តិសុខផងដែរ។
ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្ដម សុិន រិទ្ធ អគ្គព្រះរាជ្ញារង នៃអយ្យការអមសាលាឧទ្ធរណ៍បានមានប្រសាសន៍ថា កិច្ចប្រជុំថ្ងៃនេះ គឺដើម្បីពង្រឹងការអនុវត្តន៍ច្បាប់ដល់មន្ត្រីនគរបាលយុត្តិធម៌ ឲ្យកាន់តែមានភាពរលូន និងមានប្រសិទ្ធភាព ស្របតាមក្រមនីតិវិធីព្រហ្មទណ្ឌ។
លោកឧត្ដមសេនីយ៍ត្រី វង្ស ធី មេបញ្ជាការរង និងជានាយសេនាធិការ តំណាង ឯកឧត្តម មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍លើកឡើង ស្ដីពីសកម្មភាពការងារ និងការទំនាក់ទំនងរវាងស្ថាប័នតុលាការ ជាពិសេសការងារទំនាក់ទំនង រវាងស្ថាប័នអយ្យការអមសាលាដំបូងខេត្ត កន្លងមក គឺមានភាពល្អប្រសើរ ពិសេសការអនុវត្តន៍នីតិវិធីក្នុងសំណុំរឿងនីមួយៗផងដែរ។