You are currently viewing សិក្ខាកាមដែលសិក្សាវគ្គបំប៉ននៅសាលាកំបូលអស់រយះពេល៣ខែ ត្រូវបានបិទវគ្គនាថ្ងៃនេះ

សិក្ខាកាមដែលសិក្សាវគ្គបំប៉ននៅសាលាកំបូលអស់រយះពេល៣ខែ ត្រូវបានបិទវគ្គនាថ្ងៃនេះ

ភ្នំពេញៈ នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧ នៅសាលាកងរាជអាវុធហត្តកំបូល បានប្រារព្ធពិធីបិទវគ្គបំប៉ននាយទាហាននៃកងរាជអាវុធហត្ថឆ្នាំ២០១៧ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ មេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ស្នងការ នាយកសាលា និងនាយទាហាននៃកងរាជអាវុធហត្ត ព្រមទាំងសិក្ខាកាមចំនួន១៤៨រូបផងដែរ។

លោក ឧត្តមសេនីយ៍ត្រី មាស យ៉ត នាយកស្តីទីសាលាកំបូល បានឡើងធ្វើសេចក្តីរាយការណ៍ជូនអង្គពិធីជ្រាបថា ដោយអនុវត្តតាមផែនការរបស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសលេខ២៣/២០១៧ ផ.ក. ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការបើកវគ្គបំប៉ននាយទាហាននៃកងរាជអាវុធហត្ថឆ្នាំ២០១៧ សាលាកំបូលបានទំនាក់ទំនងជាមួយបណ្តាជំនាញផ្សេងៗ ដើម្បីរៀបចំការរៀនសូត្រឱ្យបានតាមផែនការកំណត់។

លោក ឧត្តមសេនីយ៍ត្រី បានបន្តថា កម្មវិធីហ្វឹកហ្វឺនសម្រាប់វគ្គនេះមានរយះពេល៣ខែ ដែលបានចាប់ផ្តើមពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧ ដល់ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧ និងមានខ្លឹមសារមេរៀនដូចជា មុខវិជ្ជាយោធា មុខវិជ្ជាកងរាជអាវុធហត្ថ មុខវិជ្ជាច្បាប់ មុខវិជ្ជាវិទ្យាសាស្ត្រសង្គម ទស្សនកិច្ចសិក្សា និងមុខវិជ្ជាអប់រំចិត្តសាស្ត្រ។ សិក្ខាកាមវគ្គបំប៉ននេះ បានប្រឡងបញ្ចប់វគ្គជាប់ជាស្ថាពរចំនួន១៤៨នាក់ ទទួលបាននិទ្ទេសរួមមាន ល្អណាស់១២នាក់ ល្អ១៣១នាក់ មធ្យម៥នាក់។

ជាមួយគ្នានោះដែរ លោក ឧត្តមសេនីយ៍ត្រី បានបញ្ជាក់ថា ការចំណាយថវិការបស់វគ្គនេះ មានជាអាទិ៍ ធានាការហូប ទិញសម្ភារៈ សិក្សា និងឧបត្ថម្ភយោធាចារ្យសរុបអស់ទឹកប្រាក់ចំនួន៩៦.២៩៥.៦៤០រៀល ក្នុងនោះបានទទួលពីក្រសួងការពារជាតិចំនួន២៧.៩១៨.០០០រៀល ថវិកាឧបត្ថម្ភដោយឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ចំនួន៦៨.៣៧៧.៦៤០រៀល។

ទន្ទឹមនឹងនោះដែរ បុគ្គលិក យោធាចារ្យ ទូទាំងសាលា បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

ក្រោយពីប្រគល់វិញ្ញាបណ្ណបត្រនិងបានស្តាប់របាយការណ៍រួចមក ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានមានប្រសាសន៍ កោតសរសើរដល់នាយទាហាននៃបណ្តាផ្នែកជំនាញទាំងអស់ដែលបានសហការគ្នាធ្វើឱ្យវគ្គនេះដំណើរការបានរលួនចាប់ពីការប្រឡងស្ទង់សមត្ថភាពរហូតដល់បិទវគ្គថ្ងៃនេះ។ ឯកឧត្តម នាយឧត្តមសេនីយ៍ បានមានប្រសាសន៍ អបអរសាទរចំពោះសិក្ខាកាមទាំងអស់ដែលទទួលបានជោគជ័យក្នុងការសិក្សានាពេលនេះផងដែរ។

ឯកឧត្តម នាយឧត្តមសេនីយ៍ បានមានប្រសាសន៍បន្ថែមទៀតថា ទស្សនៈទាននិងយុទ្ធសាស្ត្រធ្វើកំណែទម្រង់កងរាជអាវុធហត្ថរបស់មេបញ្ជាការ គឺដើម្បីកសាងកងរាជអាវុធហត្ថឱ្យក្លាយទៅជាស្ថាប័នដ៏រឹងមាំមួយដែលមានរចនាសម្ពន្ធចាត់តាំងច្បាស់លាស់ មានបរិមាណបុគ្គលិកសមស្របនិងមានគុណភាពខ្ពស់ រួមចំណែកទ្រោលកិច្ចការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ពង្រឹងការអនុវត្តច្បាប់ បង្ក្រាបរាល់បទល្មើស និងជួយប្រជាជនក្នុងករណីទទួលរងនូវទុក្ខលំបាកផ្សេងៗ។ ដើម្បីសម្រេចគោលដៅខាងលើ ទាំងកន្លងទៅ ក៏ដូចជាពេលនេះ និងទៅខាងមុខ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចាត់ទុកការងារអប់រំបណ្តុះបណ្តាល បំប៉ន ការងារហ្វឹកហ្វឺន កសាងធនធានមនុស្ស គឺជាកិច្ចការងារចំបង ដោយយល់ឃើញថា បរិមាណជាបញ្ហាមួយ តែគុណភាពទើបជាបញ្ហាគន្លឹះ។

នៅក្នុងស្មារតីការងារអប់រំបណ្តុះបណ្តាលហ្វឹកហ្វឺន និងបំប៉នដល់បុគ្គលិកនូវជំនាញគ្រប់កម្រិតឋានានុក្រម គឺជាកិច្ចការងារអាទិភាព ក្នុងការដឹកនាំរបស់កងរាជអាវុធហត្ថ។

ដោយសារកងរាជអាវុធហត្ថមានតួនាទីភារកិច្ចគ្របដណ្តប់លើផ្ទៃប្រទេស ជាកិច្ចការងារដែលនៅជាប់ជាមួយប្រជាជន ហើយមានទំនាក់ទំនងជាមួយអាជ្ញាធរ ក្រសួងស្ថាប័នជាច្រើន ជាពិសេសប្រតិបត្តិការរបស់កងរាជអាវុធហត្ថត្រូវស្ថិតនៅក្រោមច្បាប់ ដូច្នេះហើយការកសាងសមត្ថភាពបុគ្គលិក គឺពិតជាមានសារៈសំខាន់។

ដើម្បីលើកទឹកចិត្តដល់យោធចារ្យក្នុងការបង្រៀន ខ្ញុំក៏បានសម្រេចចិត្តបំប៉នក្នុង១ម៉ោងស្មើនឹង២០០០០រៀលដល់យោធចារ្យ ដែលចាប់ផ្តើមចេញពីវគ្គបំប៉ននាយទាហានកងរាជអាវុធហត្ថឆ្នាំ២០១៧នេះទៅ ទាំងសាលាកំបូល ក៏ដូចជាមជ្ឈមណ្ឌលភ្នំជុំរាយ បានបន្ថែមប្រាក់ហូបលើគោលរបបរបស់រដ្ឋ ឱ្យគ្រប់៨០០០រៀលក្នុង១ថ្ងៃ។

ទន្ទឹមនឹងនេះ ក៏បានយកចិត្តទុកដាក់ក្នុងការកសាងហេដ្ឋារចនាសម្ពន្ធដោយជួសជុលកែលម្អសំណង់ដែលមានស្រាប់ ជាអាទិ៍នៅសាលាកំបូលនេះ យើងបានជួសជុលអគារទាំងអស់ឡើងវិញ បំពាក់គ្រែ រួមជាមួយនឹងការរៀបចំអនាម័យបរិស្ថានក្នុងសាលានេះ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ បានធ្វើការផ្សព្វផ្សាយសភាពការណ៍ថ្មីៗដូចជាបញ្ហាប្រឈមថ្មីៗជូនអង្គពិធីជ្រាបដូចជា បញ្ហាការប្រើប្រាស់ចរាចរគ្រឿងញៀន គ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលមកពីការបើកបរមិនគោរពច្បាប់ ការទន្ទ្រានកាន់កាប់ដីរបស់រដ្ឋ ការកាប់បំផ្លាញព្រៃឈើ ការលួចដឹកជញ្ជូន នាំឈើដោយខុសច្បាប់ ការធ្វើអាជីវកម្មរ៉ែខុសច្បាប់ ការរត់គេចវេះមិនបង់ពន្ធ ការដឹកជញ្ជូនដោយប្រើប្រាស់មធ្យោបាយលើសទម្ងន់ ល្បែងស៊ីសងខុសច្បាប់…។

ជាចុងក្រោយ ឯកឧត្តម នាយឧត្តមសេនីយ៍ បានផ្តាំផ្ញើដល់សិក្ខាកាមឱ្យយកចិត្តទុកដាច់ចំណុចសំខាន់ៗដូចខាងក្រោម៖
១_អស់លោកត្រូវបន្តការសិក្សាស្រាវជ្រាវឈ្វែងយល់ដោយខ្លួនឯង
២_ការបំពេញតួនាទីភារកិច្ចត្រូវតែផ្អែកលើច្បាប់ជាមូលដ្ឋាន ជាម៉ែត្រវាស់ក្នុងការអនុវត្តការងារ
៣_ត្រូវតែគោរពវិន័យរបស់កងយោធពលខេមរភូមិន្ទ សណ្តាប់ធ្នាប់ការស្លៀកពាក់ឱ្យបានត្រឹមត្រូវតាមលិខិតបទដ្ឋានគតិយុត្ត
៤_ក្នុងប្រតិបត្តិតួនាទីត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌របស់កងរាជអាវុធហត្ថ
៥_ត្រូវអនុវត្តឱ្យបានត្រឹមត្រូវនីតិវិធីការងារ ដែលជាគន្លឹះនៅក្នុងរបៀបរបបការងារ ហើយរក្សាបានការសាមគ្គីទៀតផង
៦_ការសាមគ្គីឯកភាពផ្ទៃក្នុង ស្មារតីសហការ និងមានទំនាក់ទំនងល្អជាមួយនឹងមហាជន ប្រជាជន ដោយគោរពនូវទំនៀមទម្លាប់ប្រពៃណីផូរផងរបស់ប្រជាជន និងជួយប្រជាជននៅពេលដែលទទួលរងការលំបាក
៧_ត្រូវអនុវត្តម៉ឺងម៉ាត់នូវបទបញ្ជា និងឋានានុក្រមក្នុងកងយោធពលខេមរភូមិន្ទ ត្រូវតម្កល់ផលប្រយោជន៍ជាតិខ្ពស់ជាងអ្វីៗទាំងអស់ ជាពិសេសដាច់ខាតមិនទុកឱ្យបដិវត្តពណ៌បំផ្លាញសន្តិភាពនៅកម្ពុជា ដាច់ខាត់ត្រូវការពាររាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា
៨_ត្រូវចូលរួមកសាងអង្គភាពឱ្យបានរឹងមាំលើគ្រប់ផ្នែក
៩_ត្រូវចូលរួមការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ។