You are currently viewing ផ្ទះចំនួន០១ខ្នង ត្រូវបានប្រគល់ជូនដល់មន្ត្រីអាវុធហត្ថដែលចូលនិវត្តន៍ម្នាក់

ផ្ទះចំនួន០១ខ្នង ត្រូវបានប្រគល់ជូនដល់មន្ត្រីអាវុធហត្ថដែលចូលនិវត្តន៍ម្នាក់

បន្ទាយមានជ័យៈ នៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧ លោកឧត្ដមសេនីយ៍ត្រី វង្ស ធី មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ តំណាង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់ផ្ទះ០១ខ្នង ជូនដល់មន្ត្រីអាវុធហត្ថដែលចូលនិវត្តន៍ម្នាក់ឈ្មោះ ឃឹម ប៊ុនធឿន ភេទប្រុស អាយុ៥៤ឆ្នាំ ដែលត្រូវបានអង្គភាពអាវុធហត្ថខេត្តសាងសង់ផ្ទះជូន០១ខ្នង អំពីឈើ ជញ្ជាំងក្ដា ដំបូលប្រក់ស័ង្កសី ដែលមានទំហំ០៥ម៉ែត្រx០៧ម៉ែត្រ ចំណាយថវិកាអស់ប្រហែលជាង៤០០០ដុល្លា ស្ថិតក្នុងភូមិទំនប់គាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ពិធីនេះមានការចូលរួមដោយក្រុមការងារសមាគមអតីតយុទ្ធជានកម្ពុជាខេត្ត ដឹកនាំដោយលោក ឃុន វុទ្ធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត និងជាប្រធានអចិន្ត្រៃសមាគមអតីតយុទ្ធជនកម្ពុជា។

ក្នុងនោះដែរ លោកឧត្ដមសេនីយ៍ត្រី វង្ស ធី បានមានប្រសាសន៍ថា ក្នុងនាម ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តម តែងតែណែនាំដល់ថ្នាក់ដឹកនាំអាវុធហត្ថទូទាំងប្រទេស ត្រូវយកចិត្តទុកដាក់រួមសុខរួមទុក្ខ និងចុះជួយដល់គ្រួសារអាវុធហត្ថ និងអាវុធហត្ថដែលចូលនិវត្តន៍ ហើយជួបកាលំបាក ក៏ដូចប្រជាពលរដ្ឋនៅតាមមូលដ្ឋានដែលជួបការលំបាក ត្រូវតែចូលរួមចំណែកជួយដល់ពួកគាត់ដោយមិនប្រកាន់និន្នាការនយោបាយណាឡើយ។

លោកបានមានប្រសាសន៍បន្តទៀតថា គ្រប់កាល:ទេស:អង្គភាពអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅតែបន្តការចូលរួមចំណែកក្នុងការចុះជួយដល់គ្រួសារអាវុធហត្ថ ក៏ដូចប្រជាពលរដ្ឋជួបការលំបាកនៅតាមមូលដ្ឋាន ជាពិសេសការការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ជូនពួកគាត់ ក៏ដូចប្រជាពលរដ្ឋក្នុងខេត្តទាំងមូលផងដែរ។
ឆ្លៀតក្នុងឱកាសនោះផងដែរ ក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បាននាំយកអំណោយ ដូចជា អង្ករ០១ការ៉ុង=៥០គីឡូក្រាម, ភួយ០១, កន្ទេល០២, មុង០១, ទឹកស៊ីអីុវ០១យួរ, ទឹកត្រី០១យួរ, មី០១កេស, ប៊ីចេង០១កញ្ចប់, ស្ករស០១កញ្ចប់, អំបិល០២កញ្ចប់, ខ្លាញ់០១ដប, ចានបាយ១០, ចានសម្ល០៣, ស្លាបព្រា១២, កំសៀវ០១, ឆ្នាំងបាយ០១, ឆ្នាំងសម្ល០១, គ្រែដេក០១ និងថវិកា២០ម៉ឺនរៀល ជូនដល់ក្រុមគ្រួសារអាវុធហត្ថដែលចូលនិវត្តន៍នោះផងដែរ។