ឧត្តរមានជ័យៈ នៅព្រឹកទី១២ ខែតុលា ឆ្នាំ២០១៧ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បាននាំយកថវិការបស់មូលនិធិ មហាគ្រួសារ កងរាជអាវុធហត្ថ ទៅជូនគ្រួសារសព លោកព្រិន្ទបាលឯក លាង ចាន់រី សមាជិកមូលដ្ឋានក្រុងសំរោង កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ដែលបានទទួល មរណៈភាព កាលពីយប់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧ ក្នុងជន្មាយុ៤៤ឆ្នាំ ដោយគ្រោះថ្នាក់ចរាចរណ៍ ក្នុងពេលបំពេញកិច្ចការងារ ស្ថិតនៅភូមិបត់គគីរថ្មី ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់។
ថវិកាមូលនិធិដែលត្រូវបានយកទៅនេះ មានចំនួនប្រមាណជិត៤០លានរៀល ដែលបានមកពីការបរិច្ចាកដោយស្ម័គ្រចិត្ត របស់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដែលជានាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថទាំងអស់ ក្នុងនោះដែរ ថវិកា ចំនួន៥លានរៀល គឺជាថវិកាផ្ទាល់ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ដែល ឯកឧត្តម តែងតែបរិច្ចាក ចូលរួមរំលែកទុក្ខ ដល់គ្រួសារសព របស់មន្ត្រីកងរាជអាវុធហត្ថ ទាំងអស់ ដែលបានទទួលមរណភាព ចាប់តាំងពីឆ្នាំ២០១០ រហូតមកដល់ពេលបច្ចុប្បន្ន។
ក្រុមគ្រួសារនៃសព បានថ្លែងនូវអំណរអគុណយ៉ាងជ្រាលជ្រៅ ចំពោះការយកចិត្តទុកដាក់ និងក្តីសណ្តោសប្រណី របស់ថ្នាក់ដឹកនាំ មកកាន់មន្ត្រីនៅក្រោមឱវាត។
ជាចុងក្រោយ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន ក៏បានពាំនាំនូវការសួរសុខទុក្ខ និងការចូលរួមរំលែកទុក្ខពីចម្ងាយ ពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា និងបានផ្តាំផ្ញើដល់ក្រុមគ្រួសារសព ត្រូវបន្តខិតខំថែរក្សាក្រុមគ្រួសារអោយបានល្អ បើទោះបីជាការបាត់បង់ លោកព្រិន្ទបាលឯក លាង ចាន់រី ដែលជា ឱពុកដ៍ល្អ ប្តីដ៏ល្អ បងដ៏ល្អ សំរាប់ក្រុមគ្រួសារ យ៉ាងណាក៏ដោយ ក៏ប៉ុន្តែត្រូវបន្តកម្លាំងចិត្តដើរទៅមុខ ដើរទៅលើផ្លូវមួយដែលល្អ និងត្រឹមត្រូវ ដើម្បីអនាគតក្រុមគ្រួសារទាំងមូល។