ព្រៃវែងៈ នៅវេលាម៉ោង២១ និង៣០នាទីយប់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ ដោយមានការចង្អុលបង្ហាញពី លោកវរសេនីយ៍ឯក ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកពាមរក៏ បានធ្វើការបង្ក្រាបករណីរក្សាទុក និងចែកចាយនូវសារធាតុញៀនចំនួន០១លើក ស្ថិតនៅចំណុចភូមិ អ្នកលឿង ឃុំ អ្នកលឿង ស្រុកពាមរក៏ ខេត្តព្រៃវែង ដោយឃាត់ខ្លួនបានជនសង្ស័យម្នាក់។
នេះបើតាមការឱ្យដឹងពី មន្ត្រីមូលដ្ឋាន កងរាជអាវុធហត្ថស្រុកពាមរក៏ បានឱ្យដឹងថា ជនសង្ស័យ ដែលត្រូវបាន កម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះមានឈ្មោះ ព្រំ បូរី ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឧត្តម ឃុំព្រែកក្របៅ ស្រុកពាមជរ ខេត្តព្រៃវែង។
មន្ត្រីដដែល បានបន្តឱ្យដឹងទៀតថា ក្នុងការឃាត់ខ្លួនជនសង្ស័យខាងលើនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យកនូវវត្ថុតាងមួយចំនួន ពីជនសង្ស័យរួមមានៈ
១. ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន០៤កញ្ចប់ ដែលមានទម្ងន់ ០.៩៨ក្រាម
២. ទូរស័ព្ទដៃ ចំនួន០១គ្រឿង និងម៉ូតូចំនួន០១គ្រឿង។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្ត តាមនីតិវិធី។