ឧត្តរមានជ័យៈ នៅព្រឹកទី១៧ ខែតុលា ឆ្នាំ២០១៧ ក្រុមការងារ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ដែលដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ចាន់ យូសាន់ មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បាននាំយកថវិការបស់មូលនិធិ មហាគ្រួសារ កងរាជអាវុធហត្ថ ទៅជូនគ្រួសារសព លោកអនុសេនីយ៍ឯក ណាត សួត ជំនួយការ ការិយាល័យបំពាក់ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ដែលបានទទួល មរណៈភាព កាលពីយប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ ក្នុងជន្មាយុ៥៧ឆ្នាំ ដោយរោគាពាធ ស្ថិតនៅភូមិបុរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
ថវិកាមូលនិធិដែលត្រូវបានយកទៅនេះ មានចំនួន៣៥.៣៣៩.០០០រៀល (សាមសិបប្រាំលាន បីសែន បីម៉ឺន ប្រាំបួនពាន់រៀល) ដែលបានមកពីការបរិច្ចាកដោយស្ម័គ្រចិត្ត របស់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដែលជានាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថទាំងអស់ ។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី ចាន់ យូសាន់ ក៏បានពាំនាំនូវការចូលរួមរំលែកទុក្ខពីចម្ងាយ និងការផ្តាំផ្ញើ ពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ទៅកាន់ក្រុមគ្រួសារសពថា អង្គភាពកងរាជអាវុធហត្ថ មានការសោកស្តាយយ៉ាងក្រៀមក្រំ ចំពោះការបាត់បង់លោកអនុសេនីយ៍ឯក ណាត សួត ពីជួរអង្គភាព កងរាជអាវុធហត្ថ ប៉ុន្តែយ៉ាងណាក៏ដោយ ក្នុងនាមជាអ្នកបន្តមើលថែគ្រួសារ ត្រូវបន្តខិតខំថែរក្សាក្រុមគ្រួសារអោយបានល្អ បើទោះបីជាការបាត់បង់ លោកអនុសេនីយ៍ឯក ណាត សួត ដែលជា ឱពុកដ៍ល្អ ប្តីដ៏ល្អ បងដ៏ល្អ សំរាប់ក្រុមគ្រួសារ យ៉ាងណាក៏ដោយ ក៏ប៉ុន្តែត្រូវបន្តកម្លាំងចិត្តដើរទៅមុខ ដើរទៅលើផ្លូវមួយដែលល្អ និងត្រឹមត្រូវ ដើម្បីអនាគតក្រុមគ្រួសារទាំងមូល។