កោះកុងៈ នៅវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងខេមរភូមិន្ទ បានធ្វើការបង្ក្រាបករណីឆបោក ចំនួន០១លើក ស្ថិតនៅចំណុចផ្ទះលក់គ្រឿងអលង្កា យីហោ ឡាក់ ស៊ុយ ស្ថិតនៅភូមិ០១ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដោយឃាត់ខ្លួនបានជនសង្ស័យម្នាក់។
នេះបើតាមការឱ្យដឹងពី មន្ត្រីមូលដ្ឋាន កងរាជអាវុធហត្ថក្រុងខេមរភូមិន្ទ បានឱ្យដឹងថា ជនសង្ស័យ ដែលត្រូវបាន កម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះមានឈ្មោះ នៅ ចន្នី ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរកម្មការនីរោងចក្រ ស្នាក់នៅភូមិ០១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
មន្ត្រីដដែល បានបន្តឱ្យដឹងទៀតថា ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ គឺធ្វើឡើងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ អ៊ុក សាកឿន ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរលក់គ្រឿងអលង្ការ មានទីលំនៅចំណុចកើតហេតុខាងលើ។
ក្នុងនោះដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យកនូវវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមានៈ
១. ម៉ូតូ ម៉ាកហុងដា ចំនួន០១គ្រឿង
២. ចិញ្ចៀន ពណ៌ក្រហម ចំនួន០១វង់
៣. ចិញ្ចៀន ពណ៌ទង់ដែងចំនួន០១វង់
៤. ទូស័ព្ទដៃ ចំនួន០១គ្រឿង ។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្ត តាមនីតិវិធី។