បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញ កងរាជអាវុធហត្ថឆមាសទី២ ប្រចាំឆ្នាំ២០១៧ ក្រោមអធិបតីភាព លោកវរសេនីយ៍ឯក បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត។ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការ មេបញ្ជាការរង មូលដ្ឋានក្រុង ស្រុក ស្នាក់ការសន្តិសុខ និងសិក្ខាកាមជាច្រើនរូបទៀត ។ ក្នុងពិធីនោះដែរ លោកមេបញ្ជាការបានមានប្រសាសន៍ថា ការបើកវគ្គហ្វឹកហ្វឺនគឺក្នុងគោលបំណងលើកកម្ពស់សមត្ថភាព ការងារជំនាញជូនដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថក្នុងការអនុវត្តភារកិច្ចឲ្យកាន់តែមានភាពល្អប្រសើរ។ ការបើកវគ្គហ្វឹកហ្វឺនថ្ងៃនេះ ដើម្បីធ្វើឲ្យកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ មានសមត្ថភាពជំនាញពិតប្រាកដ ក្នុងការអនុវត្ត ភារកិច្ចការងាររក្សាសណ្ដាប់ធ្នាប់សាធារណៈឲ្យបានល្អប្រសើរ ជាពិសេសឲ្យមានការយល់ដឹងអំពីតួនាទីភារកិច្ច និងពង្រឹងនូវវិន័យ បទបញ្ជាឲ្យបានម៉ឺងម៉ាត់ ។ លោកមេបញ្ជាការបានមានប្រសាសន៍ផ្ដាំផ្ញើដល់សិក្ខាកាម និងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថទាំងអស់ថាៈ ត្រូវរក្សាឲ្យបានសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ការពាររដ្ឋាភិបាលស្របច្បាប់ ដែលកើតឡើង ចេញពីការបោះឆ្នោត ការពាររដ្ឋធម្មនុញ្ញ និងការពារព្រះមហាក្សត្រ ប្រឆាំងដាច់ខាតនូវបដិវត្តពណ៌ ក្នុងតម្លៃណាក៏ដោយ ដូច្នេះកម្លាំងទាំងអស់ត្រូវក្ដាប់សភាពការណ៍នៅតាមមូលដ្ឋានក្រុង ស្រុក របស់ខ្លួនបើមានសភាពការណ៍មិនប្រក្រតី មិនអនុញ្ញាតិឲ្យមានការប្រមូលផ្ដុំ និងត្រូវប្រយ័ត្នការលូកដៃចូលពីសំណាក់អមិត្តចូលក្នុងផ្ទៃក្នុង ត្រូវមានឆន្ទៈតែមួយ គោរពបទបញ្ជាថ្នាក់ដឹកនាំរបស់យើងគឺ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស៕
លោកវរសេនីយ៍ឯក បោន ប៊ិន ជាអធិបតីក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកងរាជអាវុធហត្ថ
- Post author:Sery Vutha
- Post published:October 19, 2017
- Post category:បញ្ជាដឹកនាំ / ផែនការណែនាំ