ភ្នំពេញៈ នៅវេលាម៉ោង០៨ និង០០នាទីព្រឹក ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តម ឧត្តមសេនីយ៍ឯក វង្ស ពិសេន មេបញ្ជាការរង និងជា នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំផែនការ ការពារសន្តិសុខ រក្សាសុវត្ថិភាព ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក និងដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ នាយរងសេនាធិការ ទទួលការងារប្រតិបត្តិការ ស្នងការ ពត៌មានសន្តិសុខ ស្នងការរង សម្ភារៈបច្ចេកទេស មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកណ្តាល នាយការិយាល័យ ប្រឆាំភេវរកម្ម មេបញ្ជាការ អង្គភាពទាំង៣ នាយការិយាល័យរដ្ឋបាលផ្ទៃក្នុង។
ក្នុងកិច្ចប្រជុំនោះដែរ លោកឧត្តមសេនីយ៍ត្រី ពង្ស សាវរិទ្ធ មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការរាយការណ៍ អំពីផែនការ ភូមិសាស្ត្រ តាមដងផ្លូវដែលបានរៀបចំ ដល់ ប្រធានអង្គប្រជុំ និងសមាជិក។
ឯកឧត្តម ឧត្តមសេនីយ៍ឯក វង្ស ពិសេន បានធ្វើការឯកភាពទៅលើផែនការ ដែលបានដាក់ចេញ
និងបានណែនាំនូវចំណុចដែលគួរឱ្យចាប់អារម្មណ៍មួយចំនួនរួមមានៈ
–ក្រុមកីឡាករអុំទូក និងទូក
–ការបង្ហោះដ្រូន
–ការបង្កភាពចលាចលផ្សេងៗ
–ការបង្កគ្រឿងផ្ទុះ។
. ការងារប្រតិបត្តិការ ត្រូវក្តាប់ឱ្យជាប់នូវបណ្តាទូក និងឈ្មោះកីឡាករ ដែលឡើងមកប្រកួត.
–ត្រូវធ្វើសារទូរលេខទៅតាមបណ្តាខេត្តពីចំនួនកម្លាំងដែលការពារកីឡាករអុំទូក
–ធ្វើឧបសម្ព័ន្ធកម្លាំង មធ្យោបាយ គ្រឿងបំពាក់ និងវិទ្យុទាក់ទងឱ្យបានច្បាស់លាស់
–ត្រូវរៀបចំកម្លាំងត្រៀមអន្តរាគមន៍ និងប្រចាំការ ប្រចាំបញ្ជានៅទីបញ្ជាការអ.ហ.ផ.ទ។
. ស្នងការព័ត៌មានសន្តិសុខ ត្រូវក្តាប់ឱ្យជាប់នូវសភាពការណ៍ និងគ្រប់គ្រងចំណុះទូក។
. កងរាជអាវុធហត្ថខេត្តកណ្តាល ត្រូវសហការគ្នាជាមួយ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងការជួយសម្រួលចរាចរលើកំណាត់ ផ្លូវជាតិទាំង៦។
.កងរាជអាវុធហត្ថរាជធានីភ្នំពេញ ត្រូវក្តាប់ព័ត៌មានឱ្យបានច្បាស់លាស់ពីបញ្ហាការកកស្ទះចរាចរ និងដោះស្រាយឱ្យបានភ្លាមៗ។
.ចំពោះកងរាជអាវុធហត្ថខេត្តកណ្តាល ត្រូវរៀបចំផែនការសហការ ជាមួយអង្គភាពដែលពាក់ព័ន្ធ ។