អាវុធហត្ថបាត់ដំបង ចុះពួនស្ទាក់ចោរប្រដាប់អាវុធ ប្លន់ប្រជាពលរដ្ឋអស់ជាង១០ម៉ឺនដុល្លារ និងឃាត់ខ្លួនបានមនុស្សម្នាក់
អហ.បាត់ដំបង៖ នៅវេលាម៉ោង ១៧និង២០នាទី ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចផ្ទះលេខ៣៧៧ ក្រុម១២ ភូមិអូរតាំគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង មានករណីប្លន់ប្រដាប់អាវុធកើតឡើង បង្កដោយជនសង្ស័យមានគ្នាចំនួន ០៦នាក់ ប្រដាប់ដោយអាវុធខ្លី០២ដើម ម៉ូតូ០៣គ្រឿង បានចូលភ្ជង់ និងបាញ់គម្រាមចំនួន០១ គ្រាប់ ។ បន្ទាប់មកទៀតជនសង្ស័យបានប្រតាយប្រតប់ជាមួយនឹងជនរងគ្រោះ នៅក្នុងបរិវេណផ្ទះឈ្មោះ ហេង ជីឃាង ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរអាជីវករ និងម្តាយឈ្មោះ លឹម គឹមអេង អាយុ៦២ឆ្នាំ មុខរបរអាជីវករ មានទីលំនៅនៅកន្លែងកើតហេតុខាងលើ ។
ជនសង្ស័យបានប្រមូលយកសម្ភារៈនៅពីក្នុងគូថរថយន្តម៉ាក Camry បាឡែន រួចជិះម៉ូតូគេចខ្លួនតាមផ្លូវលេខ ៤ ឆ្ពោះទៅទិសខាងត្បូង ផ្លូវទៅមន្ទីរពេទ្យយោធភូមិភាគទី ៥ ។
សម្ភារៈបាត់បង់មានគ្រឿងអលង្កាដាក់ក្នុងកេសចំនួន ០៣ និងកាបូបស្ពាយចំនួន ០២ គិតជាទឹកប្រាក់អស់ចំនួនជាង ១០ម៉ឹនដុល្លា ។
រហូតដល់ម៉ោង ១៩និង៣០នាទី ជនសង្ស័យ ពីរនាក់បានជិះម៉ូតូទៅដល់ចំណុចស្ពានថ្មភូមិ-ឃុំកកោះ ស្រុកមោងឬស្សីបានជួបកម្លាំងពួនស្ទាក់របស់យើង ពេលនោះជនសង្ស័យបានផ្តួលម៉ូតូចោល ហើយរត់គេចចូលទៅប្រឡាយ ដោយបន្សល់ទុកនៅកន្លែងកើតហេតុមាន ម៉ូតូ C125 ០១គ្រឿង ស្លាកលេខ កណ្តាល 1B 0312 អាវុធខ្លី K 59 ០១ដើម គ្រាប់ ០៧គ្រាប់ គ្មានលេខ ។
ដោយឡែកឈានចូលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៥ វេលាម៉ោង០១និង៤០នាទី រំលងអធ្រាត្រ ជនសង្ស័យម្នាក់ក្នុងចំណោម ០២នាក់ បានជិះកង់ ០១គ្រឿង ពីទិសខាងកើត មកដល់ចំណុចភូមិដុបក្រសាំង ឃុំព្រៃតូចស្រុកមោងឬស្សី (ចម្ងាយប្រហែល ០២គីឡូម៉ែត្រពីវារត់គេច) កម្លាំងយើងឃាត់ខ្លួន ឈ្មោះ យ៉ា់ន់ ថា ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិស្តៅឯម ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ និងដកហូតសម្ភារៈបាន៖
- កាបូបពណ៌ខ្មៅ ចំនួន ០១
– លុយខ្មែរចំនួន ២ម៉ឺនរៀល
– កង់ ចំនួន ០១គ្រឿង
- ក្រវិល ចំនួន ១៦
- ជញ្ជៀន ចំនួន ២៩វង់
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅបញ្ជាការដ្ឋាន អ.ហ ខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធី ៕