ស្ទឹងត្រែងៈ នៅល្ងាចទី២១ ខែតុលា ឆ្នាំ២០១៧ ក្រុមការងារ កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ដែលដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បាននាំយកថវិការបស់មូលនិធិ មហាគ្រួសារ កងរាជអាវុធហត្ថ ទៅជូនក្រុមគ្រួសារសព លោកវរសេនីយ៍ឯក ប៊ិន វុទ្ធី ប្រធានមន្ទីរសម្ភារៈបច្ចេកទេស កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ដែលបានទទួល មរណៈភាព កាលពីយប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ ក្នុងជន្មាយុ៤២ឆ្នាំ ដោយរោគាពាធ ស្ថិតនៅភូមិខ្វែ ឃុំត្រពាំងក្រសាំង ស្រុកដង្កោ ខេត្តកណ្តាល។
ថវិកា មូលនិធិដែលត្រូវបានយកទៅនេះ មានចំនួនប្រមាណជិត៥០លានរៀល ដែលបានមកពីការបរិច្ចាកដោយស្ម័គ្រចិត្ត របស់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដែលជានាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថទាំងអស់ ។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី ក៏បានពាំនាំនូវការចូលរួមរំលែកទុក្ខពីចម្ងាយ និងការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ទៅកាន់ក្រុមគ្រួសារសព និងបានបញ្ជាក់ជូនគ្រួសារសពថា ដោយមានការយកចិត្តទុកដាក់ពីសំណាក់ ថ្នាក់ដឹកនាំរបស់កងរាជអាវុធហត្ថ ដែលមាន ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានផ្តួចផ្តើមបង្កើតមូលនិធិ មហាគ្រួសារ កងរាជអាវុធហត្ថនេះឡើង និងក្រោមក្រោមការយកចិត្តទុកដាក់ដោយផ្ទាល់ពី សំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក វង្ស ពិសេន មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីជួយដោះស្រាយទុក្ខលំបាក ដល់ក្រុមគ្រួសារ បងប្អូនកងរាជអាវុធហត្ថ នូវពេលដែលជួបទុក្ខលំបាក ដូចជាពេលនេះជាដើម។