កណ្តាល៖ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ លោកវរសេនីយ៍ឯក ទូច អ៊ីណាន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកណ្តាល ទទួលផែននគរបាលយុត្តិធម៌ បានធ្វើសន្នីសីទសារព័ត៌មានបង្ហាញមុខជនសង្ស័យទាំងបីនាក់ក្នុងចំណោមបក្សពួកទាំងអស់ ០៦ នាក់។ លោកវរសេនីយ៍ឯក ទូច អ៊ីណាន បានឲ្យដឹងថា៖ អនុវត្តន៍តាមភារកិច្ចស្នូលរបស់កងរាជអាវុធហត្ថ បង្ការ បង្ក្រាប និងសង្គ្រោះ ដែលជាយន្តកាដឹកនាំដ៏មានប្រសិទ្ធិភាពរបស់ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងក្រោមការដឹកនាំបញ្ជារបស់ លោកឧត្តមសេនីយ៍ សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកៀនស្វាយ និងកម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត ដឹកនាំដោយលោកវរសេនីយ៍ឯក ទូច អ៊ីណាន និងដោយមានការសហការពីជំនាញកងរាជអាវុធហត្ថលើផ្ទៃប្រទេស កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការសម្របសម្រួល ពីលោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកណ្តាល។ កម្លាំងជំនាញចុះស្រាវជ្រាវករណីឃាតកម្មកាលពីវេលាម៉ោង២១ និង ៣០ នាទី ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ នៅចំណុចលើផ្លូវលំ ស្ថិតក្នុងភូមិដូនស ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ក្រោយកើតហេតុភ្លាមកម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត និងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបានចុះស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ អស់រយៈពេលជាច្រើនថ្ងៃរួចមក រហូតដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង ១៦ និង ៣០នាទី ទើបជំនាញកំណត់បានមុខសញ្ញា និងដោយមានការសម្របសម្រួលពីលោក លាវ ស្រេង ព្រះរាជអាជ្ញាអមសាលលាដំបូងខេត្តកណ្តាល ក៏ឈានទៅដល់ការចាប់ឃាត់ខ្លួនបានជនសង្ស័យចំនួនបីនាក់ជាបន្តបន្ទាប់ក្នុងចំណោមជនសង្ស័យទាំង ០៦ នាក់ជនសង្ស័យទាំងបីនាក់រួមមាន៖
១-ឈ្មោះ ពេញ ស៊ី ណេង ហៅ ឡេង ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករកាត់ជី មានទីលំនៅភូមិទួលដូង ឃុំគគីរ ស្រុកគៀនស្វាយ ជាជនដៃដល់ត្រូវបានឃាត់ខ្លួននៅផ្ទះជីតា នៅភូមិទួលដូង ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
២-ឈ្មោះ ហួ កុសល ភេទប្រុស អាយុ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរព្រូឡានកុងទីន័រ មានទីលំនៅភូមិទួលដូង ឃុំគគីរ ស្រុកគៀនស្វាយ ជាអ្នកសមគំនិត ឃាត់ខ្លួននៅកន្លែងលេងបាល់ទះស្ថិតក្នុងភូមិទួលដូង ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
៣-ឈ្មោះ ស៊ឹម រិទ្ធី ហៅ ជ្រូក ភេទប្រុស អាយុ២២ ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកឡានដឹកដីមានទីលំនៅភូមិដូនស ឃុំគគីរ ស្រុកគៀនស្វាយ ខេត្តកណ្តាល ឃាត់ខ្លួននៅជិតស្តុបផ្សារមាន់អាំង ខណ្ឌទួលគោក វេលាម៉ោង២១ និង ៣០នាទី ជាអ្នកឌុបជនសង្ស័យធ្វើសកម្មភាព កាប់លើជនរងគ្រោះរួមនឹងបក្ខពួកចំនួន ០៣នាក់ទៀត (ជាអ្នកផ្តើមគំនិត) កំពុងគេចខ្លួន ។
ហើយនៅរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ កម្លាំងជំនាញបាននាំជនសង្ស័យឈ្មោះ ពេញ ស៊ីណេង ទៅចង្អុលបង្ហាញរុករកវត្ថុតាងដែលលាក់ទុក និងមធ្យោបាយរួមមានៈ
១-ដាវចំនួន ០២ ដើម
២-ម៉ូតូ C-125 ចំនួនមួយគ្រឿង ជាម៉ូតូដែលជនសង្ស័យជិះធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះ។
បច្ចុប្បន្ន ជនសង្ស័យទាំងបីនាក់ និងវត្ថុតាងខាងលើ ត្រូវបានកម្លាំងជំនាញមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្តកណ្តាល កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ក៏បានអោយដឹងផងដែរថា៖ នៅវេលាម៉ោង ២១ និង ៣០ នាទី ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ ឈ្មោះ ប៉ែត ឈ្មោះ លីន និងឈ្មោះ ធា (ដែលជាជនសង្ស័យកំពុងគេចខ្លួន) បានជិះម៉ូតូពីរគ្រឿងមកប្រាប់ឈ្មោះ ពេញ ស៊ីណេង ឈ្មោះ ស៊ឹម រិទ្ធី និងឈ្មោះ ហួ កុសល ថា៖ ផ្ទះផឹកស៊ីគប់មកលើពួកខ្ញុំ ដែលម្ចាស់ផ្ទះមានឈ្មោះ គាត ភារម្យ ស្ថិតក្នុងភូមិទួលដូង ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល និយាយគ្នាចប់ជនសង្ស័យទាំង ០៦នាក់ ជិះម៉ូតូទៅមកៗកាត់មុខផ្ទះនោះ រង់ចាំធ្វើសកម្មភាព ។ លុះដល់ម៉ោង២១ និង ៣០នាទី ឈ្មោះ គៀត ភារម្យ និងឈ្មោះ ធី ប៊ុនធីម បានជូនឈ្មោះ រស្មី សាម៉ាឌី ទៅផ្ទះវិញ ដោយជិះម៉ូតូមួយគ្រឿង ម៉ាកវ៉េវ ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 1FP.3194 គឺឈ្មោះ គៀត ភារម្យ ជាអ្នកឌុបចំណែកឈ្មោះធី ប៊ុនធីម អង្គុយកណ្តាល រីឯឈ្មោះ រស្មី សាម៉ាឌី អង្គុយខាងក្រោយ មកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែមានម៉ូតូមួយគ្រឿង ជិះឌុបគ្នាពីរនាក់ មានឈ្មោះ ស៊ឹម រិទ្ធី ហៅ ជ្រូក ជាអ្នកឌុប និងឈ្មោះ ពេញ ស៊ីណេង ហៅ ឡេង អង្គុយពីក្រោយកាន់ដាវមួយដើមផង ជិះក្នុងទិសដៅស្របគ្នា ហើយបានកាប់មកលើឈ្មោះ រស្មី សាម៉ាឌី ចំខាងក្រោមគុម្ពត្រចៀកខាងឆ្វេងដាច់រយះ ប្រវែង ៥,៥០ សង់ទីម៉ែត្រ បណ្តាលអោយស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកឯជនសង្ស័យ ពេលធ្វើសកម្មភាពរួចបិតភ្លើងម៉ូតូជិះរត់គេចខ្លួនដោយយកវត្ថុតាងទៅជាមួយដែរ ។ រីឯសពឈ្មោះ រស្មី សាម៉ាឌី ក្រោយពីកម្លាំងសមត្ថកិច្ចជំនាញ ពិនិត្យធ្វើកោសលវិច្ច័យរួច បានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។